ខេត្តកំពង់ឆ្នាំង៖ សាកសពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញ លើផ្ទៃទឹក បន្ទាប់ពីបានបាត់ខ្លួនអស់១យប់។ សពនេះត្រូវបានប្រទះឃើញកាលពីព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ នៅចំណុចផ្លូវថ្មី ភូមិអ្នកតាតាំង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឡាំ រដ្ឌា ភេទស្រី អាយុប្រហែលជាង២០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ តាមប្រភពពីមិត្តភក្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា÷ កាលពីល្ងាចថ្ងៃទី០៣ខែឆ្នាំដដែល ពេលដែលត្រឡប់ពីរៀនវិញជនរងគ្រោះបានជិះបាឡាស្មាច់មួយគ្រឿង ចម្លងមិត្តភក្ដិដាក់តាមផ្ទះដូចសព្វមួយដង រួចហើយក៏បើកបាឡាស្មាច់សំដៅមកផ្ទះនៅម៉ោង៧៖០០នាទីព្រលប់ លុះក្រុមគ្រួសារចាំបាត់ៗដោយពុំឃើញត្រឡប់មកផ្ទះយូរពេក ក៏នាំគ្នាដើររកអស់រយៈពេលមួយយប់ លុះដល់ព្រឹកឡើងក៏ប្រទះឃើញសាកសព អណ្ដែតទឹកនៅចំណុចកន្លែងកើតហេតុខាងលើ។
បច្ចុប្បន្នសាកសពត្រូវបានអាជ្ញាធរភូមិឃុំនិងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ បានប្រគល់សពទៅឲ្យក្រុមគ្រួសារ ដើម្បីរង់ចាំមន្ត្រីជំនាញធ្វើកោសលវិច័យ ដើម្បីពិនិត្យសាកសព។
ករណីខាងលើនេះនៅមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះនៅឡើយទេ ៕ដោយ៖ចន្ថា