ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការ STEP IT Academy ព្រមទាំងក្រុមហ៊ុន The Idea បានរៀបចំវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច (e-learning) នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២០ (CEF 2020) ជាលើកដំបូង ក្នុងគោលដៅលើកកម្ពស់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ស្របពេលដែលប្រទេសកម្ពុជា កំពុងសម្របខ្លួនទៅនឹងបរិបទនៃយុគសម័យឌីជីថល។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់កិត្តិយស ថ្លែងសន្ទរកថាបិទកម្មវិធី។ លោកបណ្ឌិតបានមានប្រសាសន៍ថា “នេះគឺជាឱកាសមួយ សម្រាប់យើងទាំងអស់គ្នា ក្នុងការចែករំលែកវិធីសាស្រ្ត និងការអនុវត្តល្អៗ ក្នុងការបន្តនូវការផ្តល់ឱកាសទៅដល់សិស្សានុស្ស ដែលគ្មានលទ្ធភាព ក្នុងការបន្តការសិក្សាតាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ”។
វេទិកានេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី0៣ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធអនឡាញ ដែលបានផ្តល់វេទិកាជូនដល់អ្នកជំនាញជាច្រើនរូប រួមមានថ្នាក់ដឹកនាំក្រសួងអប់រំ អ្នកជំនាញ អ្នកឈានមុខគេលើវិស័យបច្ចេកវិទ្យាទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការធ្វើបទបង្ហាញ ផ្ដល់មតិយោបល់ ការយល់ដឹង និងការណែនាំ ទាក់ទិនទៅនឹងការអប់រំតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
ជាងនេះទៅទៀតនោះ កម្មវិធីក៏មានការប្រកួតប្រជែងពានរង្វាន់គ្រូបង្រៀនដែលមាន ភាពច្នៃប្រឌិតខ្ពស់ ប្រចាំឆ្នាំ ២០២០ផងដែរ ដែលមានគោលបំណង លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ នៅក្នុងប្រទេសកម្ពុជា ឱ្យជម្រុញនូវការអនុវត្តនៃការបង្រៀនរបស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរជាងមុន។ ក្នុងនោះលោកគ្រូ អ្នកគ្រុ ដែលទទួលបានជ័យលាភីរួមមាន៖
– ជ័យលាភីលេខ១គឺ៖ លោក ថុល ចាន់ថន មកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល
– ជ័យលាភីលេខ២គឺ៖ កញ្ញា គឹម មិថុនា មកពីសាលាជំនាន់ថ្មី វិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ
– ជ័យលាភីលេខ៣គឺ៖ លោក ចៅ វណ្ណៈ មកពីវិទ្យាល័យ កំរៀង ខេត្តបាត់ដំបង៕
ដោយ៖ សិលា