UEFA បានប្រកាសថា ក្រុមអុីតាលីត្រូវបានគេជ្រើសរើសដើម្បីប្រកួតនឹងអេស្ប៉ាញ ខណៈដែលបែលហ្ស៊ិកនឹងត្រូវជួបបារាំងនៅវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Nations League ដែលអុីតាលីនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅខែតុលាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីចុងសប្តាហ៍នេះ។
UEFA បានចេញសេចក្តីប្រកាសបន្ទាប់ពីការប្រជុំគណៈកម្មាធិការប្រតិបត្តិតាមរយៈសន្និសីទវីដេអូដោយអះអាងថា ការប្រកួតនឹងធ្វើឡើងនៅ San Siroក្នុងទីក្រុង Milan នាថ្ងៃទី៦ ខែតុលា និងពហុកីឡដ្ឋានក្រុម Juventus នៅទីក្រុង Turin មួយថ្ងៃក្រោយមក។
ការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅទីក្រុង Milan នៅថ្ងៃទី១០ ខែតុលាខណៈការប្រកួតជម្រុះដណ្តើមចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើងនៅថ្ងៃដដែលក្នុងទីក្រុងTurin។
អុីតាលីដែលឈរនៅកំពូលតារាង Nations League ពូល A1 នឹងត្រូវប៉ះអេស្ប៉ាញជាលើកដំបូងក្នុងការប្រកួតដ៏ធំមួយចាប់តាំងពីពួកគេបានយកឈ្នះ ២–០ ក្នុងវគ្គ១៦ ក្រុមចុងក្រោយនៃពានរង្វាន់យូរ៉ូកាលពីឆ្នាំ២០១៦ ។ជំនួបចុងក្រោយបំផុតរបស់ពួកគេក្នុងវគ្គជម្រុះ World Cup បានធ្វើឲ្យអេស្ប៉ាញឈ្នះ ៣–០ នៅទីក្រុង Madrid កាលពី៣ឆ្នាំមុន និងធ្លាប់បំបាក់ក្រុមអាឡឺម៉ង់ក្នុងលទ្ធផល ៦–០ ក្នុងទីក្រុង Seville ដើម្បីឡើងទៅពូល A4 ។
ទន្ទឹមនឹងនេះដែរ UEFA ក៏បានប្រកាសថា រដ្ឋធានីធីរ៉ានៀរបស់ប្រទេសអាល់បានីនឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតក្លិបលំដាប់ទី៣ ថ្មីគឺ Europa Conference League នៅឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិរបស់ប្រទេសនេះ។ ចំណែកប្រទេសរូម៉ានី និងហ្សកហ្ស៊ីនឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅអឺរ៉ុបអាយុក្រោម២១ឆ្នាំនៅឆ្នាំ២០២៣ ៕
ដោយ៖ភារៈ