ព័ត៌មានទាន់ហេតុការណ៍៖

ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ខេត្តសៀមរាប៖ ម្រោងកម្មវិធីស្តីពី “ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE អនុវត្តកម្មវិធីដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមបណ្តាខេត្តទូទាំងព្រះរាណាចក្រកម្ពុជា លើកលែងតែរាជធានីភ្នំពេញ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមសត្វ (មាន់) ចិញ្ចឹមត្រី និងដាំបន្លែ ដោយប្រើប្រាស់បច្ចេកទេស និងធាតុចូលកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នាព្រឹកថ្ងៃ សុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ បានឲ្យដឹងថាកសិករ ស្ងួន វី ភេទស្រី រស់នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បានប្រាកាន់យកអាជីពជាអ្នកដាំបន្លែមានខ្ទឹមស្លឹក ស្ពៃជើងទា ខាត់ណាដើម និងខាត់ណាផ្កាក្នុងផ្ទះសំណាញ់ (១០m x ៣៦m) ដែលឧបត្ថម្ភដោយកម្មវិធី ASPIRE ក្នុងឆ្នាំ២០១៩។ ផលិតកម្មបន្លែរបស់បងស្រីទាំងក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ កំពុងផ្តល់ផលយ៉ាងគាប់ប្រសើរ ជាក់ស្តែងគ្រាន់តែក្នុងផ្ទះសំណាញ់គាត់អាចដាំបន្លែស្លឹកបាន ១០លើក/ឆ្នាំ លើផ្ទៃដី ២៨០ម៉ែត្រការ៉េ។ ដោយសារតម្រូវការបន្លែសុវត្ថិភាពខ្ពស់ ជាហេតុធ្វើឲ្យបងស្រីអាចរកចំណូលបាន ១២ ៦០០ ០០០រ/ឆ្នាំ។ ដោយឡែក បន្លែខ្ទឹមស្លឹក ដែលគាត់ដាំនៅក្រៅផ្ទះសំណាញ់លើផ្ទៃដី ៨០០ម៉ែត្រ ការ៉េ ដាំបាន ៦លើក/ឆ្នាំ រកចំណូលបាន ៦ ០០០ ០០០រ/ឆ្នាំ និងបន្លែខាត់ណាផ្កាដាំក្រៅរោងសំណាញ់លើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ ដាំបាន ១លើក/ឆ្នាំ ក៏អាចរកចំណូលបាន ១០ ០០០ ០០០រ/ឆ្នាំផងដែរ។ សរុបមក ក្នុង ១ឆ្នាំ បងស្រីអាចរកចំណូលបានពីផលិតកម្មបន្លែនេះបាន ២៨ ៦០០ ០០០រ/ឆ្នាំ។

ភាពប៉ិនប្រសព្វ បូករួមចំណេះជំនាញ និងធាតុចូលសំខាន់ៗមួយចំនួនទៀតដែលទទួលបានពីគម្រោងកម្មវិធី ជាពិសេសរួមផ្សំជាមួយការយកចិត្តទុកដាក់ ព្យាយាម រួមទាំងការធ្វើផែនការដាំដុះ និងការជ្រើសរើសប្រភេទបន្លែដាំឲ្យត្រូវតាមរដូវ និងសេចក្តីត្រូវការរបស់ទីផ្សារ ធ្វើឲ្យបងស្រី ស្ងួន វី ក្លាយខ្លួនជាកសិករគំរូក្នុងតំបន់ និងជាកសិ-ពាណិជ្ជករក្នុងរយ:ពេលដ៏ខ្លី។ ចំណូលគ្រួសារខ្ពស់ កម្រិតជីវភាពត្រូវបានលើកកម្ពស់ ខ្លួនបងស្រីផ្ទាល់មានការងារធ្វើយ៉ាងរឹងមាំ គ្រួសារជួបជុំ និងមានសុភមង្គល កត្តាទាំងអស់ហើយនេះគឺជាសេចក្តីប្រាថ្នាចង់បានយ៉ាងទទូចរបស់រាជរដ្ឋា ភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និង២០៥០៕

ដោយ៖ សិលា


ចែករំលែក៖