ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចសម្រេចបិទហាងផឹកស៊ីឡូហ្ស៊ិក និងហាងគោលដៅចាស់ក្នុងក្រុងតាខ្មៅ បណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖  បន្ទាប់ពីទទួលបានព័ត៌មានពីមហាជន និងមានការផ្សព្វផ្សាយព័ត៌មានថាមានហាងផឹកស៊ីមួយចំនួនមានបន្ទប់បិទជិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បន្តលួចបើកជាធម្មតា ដោយលេងល្បិចថ្ពិនភ្នែកបិទភ្លើងពីមុខហាង និងបិទភ្លើងនៅកន្លែងផ្ញើឡានម៉ូតូ តែខាងក្នុងហាងបើកជាធម្មតា ដោយមិនខ្លាចជំងឺកូវីដ-១៩ ទាល់តែសោះ ។ 

នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០លោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបតែម្តង ។

លោកអធិការបានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ហាងផឹកស៉ីពីរកន្លែងលោកបានឱ្យបិទជាបណ្តោះអាសន្នហើយ គឺទី១-ហាង ឡូហ្សុិក និងទី២-ហាង គោលដៅចាស់ ។ 

លោកបន្តទៀតថា ហាងផ្សេងទៀតនៅបន្តបើកដដែល ព្រោះហាងទាំងនោះគ្មានបន្ទប់ គឺភ្ញៀវចូលផឹកស៉ីជាលក្ខណៈក្យូសអង្គុយមានគម្លាតពីគ្នា ពិនិត្យកម្តៅ មានអាល់កុលលាងសម្អាតដៃត្រឹមត្រូវ។

គួររំលឹកថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី ឱ ផាន់ណា ស្នងការរងនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងអន្តរាគមន៍ចុះណែនាំអប់រំនិងធ្វើកិច្ចសន្យាឱ្យផ្អាកបណ្តោះអាសន្នតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកបង្ការទប់ស្កាតជំងឺកូវីដ-១៩ តាមបណ្តាក្លិបហាត់ប្រាណ ក្លិបកម្សាន្ត KTV ភោជនីយដ្ឋាន អាហារដ្ឋានដែលមានបន្ទប់បិទជិត ឬ ផឹកស៊ីមានមនុស្សច្រើននៅក្នុងក្រុងតាខ្មៅ ។

បញ្ហានេះ សង្ឃឹមថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នឹងមានវិធានការបង្ក្រាបផង ព្រោះពេលនេះកម្ពុជាកំពុងមានបញ្ហារឿងជំងឺកូវីដ-១៩ បានឆ្លងចូលក្នុងសហគមន៍ ។

គិតត្រឹមយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ មនុស្សសរុបចំនួន២៩នាក់ហើយបានឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ៕

ដោយ៖ឆ ដា


ចែករំលែក៖