ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា ពុំមានការបិទរាជធានីភ្នំពេញនោះទេ ។ ក្រោយផ្ទុះកូវីដ-១៩ចូលសហគមន៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញថា មានពាក្យចចាមអារ៉ាមមួយចំនួនត្រូវបានចែកចាយតាមប្រព័ន្ធអនឡាញនានា ពាក់ព័ន្ធទៅនឹងបញ្ហាកូវីដ-១៩ និងការបិទតំបន់នេះ ឬតំបន់នោះឬថា បិទទីក្រុងភ្នំពេញតែម្តង ។
បញ្ហានេះអាជ្ញាធររាជធានីភ្នំពេញ សូមច្រានចោលនូវពាក្យចចាមអារ៉ាមទាំងនោះ ព្រមទាំងបានចោទប្រកាន់ថា ពាក្យចចាមអារ៉ាមទាំងនោះ គឺជាការប្រឌិតក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចដែលអាជ្ញាធរនឹងមិនអត់ឱនឱ្យបានឡើយ ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ ដូចដែលប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញបានឃើញ និងដឹងហើយថា បងប្អូនប្រជាពលរដ្ឋយើងបានធ្វើដំណើរគ្រប់ច្រកល្ហក មានតែកកស្ទះចរាចរណ៍ទៀតផង នៅតំបន់ខ្លះ ដោយពុំមានការបិទដូចពាក្យចចាមអារ៉ាមទាំងនោះទេ ។
មន្ត្រីដដែលនោះបានកោតសសើរដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមបង្ការ និងទប់ស្កាត់កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។
គួររំលឹកថា ការពីរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ35ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ12 ផ្លូវsk05 បុរីពិភពថ្មីកួរស្រូវ3 ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាអ្នកលក់ online ដែលមាន page ឈ្មោះ MC Cosmeticជាម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះក្នុងគណនីរបស់ខ្លួនដែលមានខ្លឹមសារថា« ផ្សារជម្ពូវ័ន្តបិទហើយអ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់5នាក់ទៀតក៏បានឆ្លងដែរ» បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង ៕
ដោយ៖សិលា