ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិកូរ៉េខាងជើងម្នាក់ត្រូវប្រហារជីវិតពីបទបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​-១៩

ចែករំលែក៖

សារព័ត៌មានបរទេសជាច្រើន ក្នុងនោះមានទាំង​ដេលីម៉ែល និង អាស៊ីសេរី…​ផងដែរ បានផ្សព្វផ្សាយ ពីបុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលបំពានច្បាប់​ទប់ស្កាត់ការឆ្លងកូវីដ​-១៩ ត្រូវបានកាត់ទោសប្រហារជីវិតដោយបាញ់សម្លាប់ចោល បន្ទាប់ពីបុរសនោះត្រូវបានចោទប្រកាន់ពីបទមិនគោរពបម្រាមទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។
អ្នកទោសដែលត្រូវបានប្រហារជីវិតរូបនេះគឺជាបុរសអាយុជាង៥០ឆ្នាំ ហើយកំហុសដែលគាត់បានប្រព្រឹត្តនោះគឺ រូបគាត់បានព្យាយាមឆ្លងដែនខុសច្បាប់មកពីប្រទេសចិនចូលទៅក្នុងប្រទេសកូរ៉េខាងជើង តាមរយៈការបន្លំខ្លួនធ្វើជាអ្នកជំនួញចិន ហើយរូបគាត់ព្យាយាមគេចខ្លួនពីការពិនិត្យសុខភាព និងធ្វើចត្តាឡី
ស័ក ដោយសារតែគាត់ខ្លាចគេដឹងពីអត្តសញ្ញាណពិតប្រាកដរបស់គាត់។
ដោយឡែកសារព័ត៌មាន Daily Mail បានផ្សាយថា ប្រទេសកូរ៉េខាងជើងបានកាត់ទោសប្រហារជីវិតពលរដ្ឋម្នាក់ដែលបានបំពានទៅនឹងវិធានការទប់ស្កាត់ជំងឺ COVID-19។ ការប្រហារជីវិតធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ហើយរបៀបនៃការប្រហារជីវិតគឺដោយដាក់អ្នកទោសនៅកន្លែងប្រហារជីវិតជាសាធារណៈ បន្ទាប់មកទៀតក្រុមយោធានឹងបើកការបាញ់កាំភ្លើងព្រមគ្នាទៅលើអ្នកទោសតែម្តង។
ក្រុមអ្នកជំនាញបានលើកឡើងថា សកម្មភាពប្រហារជីវិតជាសាធារណៈ គឺជាការព្រមានដល់ពលរដ្ឋមិនត្រូវបំពានច្បាប់ឡើយ គឺត្រូវតែគោរពជាប់ជានិច្ច។ រដ្ឋាភិបាលកូរ៉េខាងជើង ក៏បានបញ្ជាឲ្យទាហានការពារព្រំដែនបាញ់សម្លាប់អ្នកណាដែលហ៊ានលួចឆ្លងដែន ដើម្បីជាការបង្ការការរីករាលដាលជំងឺកូវីដ-១៩។
បច្ចុប្បន្នកូរ៉េខាងជើងមិនទាន់មានករណីឆ្លងកូវីដ​-១៩ណាមួយនៅក្នុងសហគមន៍នៅឡើយទេ ដោយសារតែការរឹតបន្តឹងយ៉ាងខ្លាំង ​ហើយកូរ៉េខាងជើងបានបិទព្រំដែនជាមួយចិនតាំងពីពេលដំបូងនៃការផ្ទុះកូវីដ​-១៩​មកម៉្លេះ៕ដោយ៖ធី រីណា


ចែករំលែក៖