ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ ពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងទទួលបានប្រាក់​១៥០០ដុល្លារ ?

ចែករំលែក៖

អតីតបេក្ខភាពប្រធានាធិបតីអាមេរិក ​បានស្នើរដ្ឋាភិបាលចំណាយប្រាក់ដល់ពលរដ្ឋអាមេរិក ដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដោយម្នាក់ៗទទួលបានប្រាក់​១៥០០ដុល្លារ​។
លោកJohn Delaney អតីតបេក្ខភាពប្រធានាធិបតីអាមេរិក បានលើកឡើងថា «ការចាក់វ៉ាក់សាំង កាន់តែឆាប់កាន់តែល្អ​​ យើងចង់ឲ្យបញ្ចប់ការឆ្លងកូវីដ​-១៩បានឆាប់បំផុត ដើម្បីឲ្យជីវភាពរស់នៅធម្មតាវិញ»។
សំណើផ្តល់ប្រាក់១៥០០ដុល្លារ​ដល់ពលរដ្ឋអាមេរិក​ដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ប្រមាណ​៧៥ភាគរយនៃពលរដ្ឋអាមេរិក បើគិតជាប្រាក់មានចំនួន៣៨០ពាន់លានដុល្លារ។ កាលពីចុងខែវិច្ឆិកា ក្រុមហ៊ុនPfizer និង Moderna បានដាក់លិខិតទៅកាន់នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិកដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ក្រោយទទួលបានលទ្ធផល​ល្អ គឺមានប្រសិទ្ធភាពជាង៩០ភាគរយ។
នៅពេលនេះដែររដ្ឋាភិបាលអាមេរិក មានគម្រោង​ចាក់វ៉ាក់សាំងដល់ពលរដ្ឋ​នៅពាក់កណ្តាលខែធ្នូនេះ​។ ប៉ុន្តែតាមការស្ទង់មតិ ពីក្រុមហ៊ុនGallup បានប្រកាសកាលពីចុងខែវិ​ច្ឆិកាថា មានពលរដ្ឋអាមេរិកដល់ទៅជាង​៤២%មិនព្រមទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នោះឡើយ ដោយសារតែពលរដ្ឋមិនទាន់មានទំនុកចិត្តទៅលើវ៉ាក់សាំងនោះ។
កត្តាទាំងនោះហើយបានជា​អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា លោក ចច ដាប់ប៊លយូប៊ូស និងលោកប៊ីល គ្លីនតុន បានប្រកាសថា នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជាសាធារណៈហើយថតផ្សព្វផ្សាយដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋអាមេរិកបានទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នាដោយអត់គិតថ្លៃ៕ដោយ៖ធី រីណា


ចែករំលែក៖