ភ្នំភ្លើងនៅលើកោះស បានផ្ទុះព្រួសភ្លើងសម្លាប់មនុស្ស២២នាក់ ក្នុងនោះមានអ្នកទេសចរជនជាតិអូស្ត្រាលី១៣នាក់ ។ ក្រៅពីនេះជាជនជាតិនូវែលហ្សេឡង់ និងរងរបួសជាច្រើន។
នៅថ្ងៃទី៩ខែធ្នូ រដ្ឋាភិបាលនូវែលហ្សេឡង់បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះ២២នាក់ស្លាប់ដោយសារផ្ទុះភ្នំភ្លើងនៅលើកោះស(White Island)។ មានប្រសាសន៍នៅក្នុងពិធីនាតំបន់Whakatane ជាស្រុកមួយក្បែរកោះស នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រីJacinda Ardern បានរៀបរាប់ឲ្យដឹងថា នោះជាគ្រោះមហន្តរាយបង្កឲ្យខាតបង់យ៉ាងធំធេងដល់ប្រទេសជាតិ។
លោកស្រី Jacinda Ardern ក៏បានជូនពរដល់អ្នកដែលរួចផុតពីក្តីស្លាប់ដោយផ្ទុះភ្នំភ្លើងខាងលើ និងអរគុណដល់កម្លាំងជួយសង្គ្រោះ ក្រុមគ្រូពេទ្យដែលបានជួយទាន់ពេលវេលាដល់អ្នករងរបួស។
នៅក្នុងប្រទេសអូស្ត្រាលីវិញ ពីរដ្ឋធានី ខែនបឺរ៉ា(Canberra) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីMarise Payne បានចូលរួមរំលែកទុក្ខដល់ការបាតបង់ខាងលើ។ លោកស្រីMarise Payne បន្តទៀតថា រដ្ឋាភិបាលបានជូនពរដល់គ្រួសារដែលរួចផុតពីក្តីស្លាប់ដោយគ្រោះធម្មជាតិកាលពីមួយឆ្នាំមុន។
កោះស ស្ថិតនៅឈូងសមុទ្រPlenty មានចម្ងាយពីឆ្នេរសមុទ្រនូវែលហ្សេឡង់៤៨គីឡូម៉ែត្រប៉ុណ្ណោះ។ កោះសជាកម្មសិទ្ធិរបស់ឯកជនជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ល្បីល្បាញនៅលើពិភពលោក ដោយមានមនុស្សទៅកាន់ទីនោះជាង១ម៉ឺននាក់ក្នុងមួយឆ្នាំ។ នៅថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩ភ្នំភ្លើង កោះស បានផ្ទុះព្រួសកម្អែកម្ពស់ ៣,៦គីឡូម៉ែត្រទៅលើអាកាស៕ដោយ៖ធី រីណា