ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ជិះម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏បុករថយន្តដែលធ្វើដំណើរមកពីខាងក្រោយ បណ្ដាលឲ្យរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ
ផ្លូវណតប្រ៊ីតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌សពាក់ស្លាកលេខ ភ្នំពេញ1GI-7313បើកបរដោយបុរសជនជាតិបរទេសម្នាក់ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែបើកបត់ឆ្លងទៅឆ្វេងដៃដោយមិនបានប្រុងប្រយ័ត្ន ក៏បុកនឹងរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BG-1600បើកបរដោយស្ត្រីម្នាក់ដែលធ្វើដំណើរមកពីក្រោយស្របទិសគ្នាបណ្ដាលឲ្យដួលរងរបួសស្រាលបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខចុះមកដល់ចំណុចទីតាំងកើតហេតុ ដោយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ៖ និន សុភ័ស្ត