អន្តរជាតិ៖ នៅថ្ងៃទី៧ ធ្នូ ឆ្នាំ២០២០ថ្មីៗនេះ អង្គការសុខភាពពិភពលោក(WHO) បានអះអាងថា ការបញ្ចុះបញ្ចូលឲ្យប្រជាជនព្រមទទួលវ៉ាក់សាំងដោយលើកឡើងពីគុណប្រយោជន៍របស់វ៉ាក់សាំង មានប្រសិទ្ធភាពជាងការបង្ខំ។ មិនតែប៉ុណ្ណោះ WHO បញ្ជាក់ថា វាអាស្រ័យទៅលើប្រទេសនីមួយៗក្នុងការរៀបចំពីវិធីសាស្ត្រ និងរបៀបនៃការចែកចាយវ៉ាក់សាំងដល់ប្រជាជនខ្លួន។
ការលើកឡើងបែបនេះរបស់អង្គការសុខភាពពិភពលោក ស្របពេលដែលប្រទេសមួយចំនួនចាប់ផ្តើមទិញ និងត្រៀមចែកចាយវ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ការបង្ខំឲ្យប្រជាជនទទួលយកវ៉ាក់សាំង ជាជំហានមួយដែលមិនត្រឹមត្រូវ។ បន្ថែមពីនេះ អង្គការមួយនេះលើកឡើងពីឧទាហរណ៍កន្លងមកដែលបង្ហាញថា ការបង្ខំឲ្យមនុស្សទទួលយកវ៉ាក់សាំង នាំឲ្យមនុស្សកាន់តែប្រឆាំងនឹងវ៉ាក់សាំងខ្លាំងឡើង។
បើតាមលោកស្រី Katherine O’Brien នាយកផ្នែកភាពស៊ាំរបស់ WHO ថ្លែងក្នុងសន្និសីទសារព័ត៌មានអនឡាញនៅថ្ងៃទី៧ ធ្នូ បានលើកឡើងថា៖«ខ្ញុំមិនគិតថា វិធានការបង្ខំ ជាទិសដៅដែលត្រូវអនុវត្តឡើយ ជាពិសេសជាមួយវ៉ាក់សាំង»។ លោកស្រី បន្តថា វាជាការប្រសើរក្នុងការលើកទឹកចិត្ត និងសម្របសម្រួលក្នុងការទទួលយកវ៉ាក់សាំងជាជាងការបង្ខិតបង្ខំ។
យ៉ាងណាមិញ លោកស្រី O’Brien លើកឡើងថា អ្នកធ្វើការនៅមន្ទីរពេទ្យត្រូវបានលើកទឹកចិត្ត និងអាចនឹងតម្រូវឲ្យចាក់វ៉ាក់សាំងដើម្បីសុវត្ថិភាពបុគ្គលិកឯទៀត ក៏ដូចជាអ្នកជំងឺផងដែរ។ អ្នកជំនាញរបស់ WHO រូបនេះ ក៏ទទួលស្គាល់ផងដែរថា ការបញ្ចុះបញ្ចូលឲ្យសាធារណៈជនមួយចំនួនទទួលយកវ៉ាក់សាំងគឺជារឿងលំបាក។
ចំណែកប្រធានផ្នែកិច្ចការអាសន្នរបស់ WHO លោកវេជ្ជបណ្ឌិត Michael Ryan បានលើកឡើងថា វាជាការប្រសើរសម្រាប់ WHO ក្នុងការបង្ហាញទិន្ន័យ ក៏ដូចជាផលប្រយោជន៍របស់វ៉ាក់សាំង ដើម្បីឲ្យបុគ្គលនីមួយៗធ្វើការសម្រេចចិត្ត។ យ៉ាងណាក្តី លោកអះអាងថា ក្នុងស្ថានការណ៍មួយចំនួន ការចាក់វ៉ាក់សាំង ជាអំពើដែលមានការទទួលខុសត្រូវ។
ដោយឡែកអគ្គនាយកWHO លោក Tedros Adhanom Ghebreyesus ចំពោះអាទិភាពក្នុងការទទួលបានវ៉ាក់សាំងវិញ ក៏បាននិយាយថាបុគ្គលិកសុខាភិបាល ជាអាទិភាពខ្ពស់ដំបូងបង្អស់ រួចបន្តមកមនុស្សដែលប្រឈមទៅនឹងការឆ្លង ឬស្លាប់ដោយសារតែអាយុណពួកគេ។លោក Tedros អះអាងថា ការធ្វើបែបនេះនឹងជួយសម្រាលបន្ទុកប្រព័ន្ធសុខាភិបាល ចំណែកក្រុមមនុស្សបន្ទាប់គួរតែជាអ្នកមានជំងឺរ៉ាំរ៉ៃ និងក្រុមមនុស្សប្រឈមមុខឯទៀត។
ជុំវិញនឹងបញ្ហានេះដែរ WHO អះអាងថា ខ្លួនកំពុងពិនិត្យមើលបេក្ខភាពវ៉ាក់សាំងជាច្រើន ដែលក្នុងនេះ៥១កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តលើមនុស្ស ហើយ១៣ផ្សេងទៀតឈានដល់ដំណាក់កាលធ្វើតេស្តទ្រង់ទ្រាយធំ។បន្ថែមពីនេះ វ៉ាក់សាំងចំនួន១៦៣ផ្សេងទៀត កំពុងត្រូវបានអភិវឌ្ឍនៅដំណាក់ដំបូងៗ។
គួរបញ្ជាក់ថា ចំពោះថវិកាសម្រាប់ការព្យាបាល ធ្វើតេស្ត ពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និងទិញវ៉ាក់សាំងក្រោមយន្តការACT-Accelerator វិញ WHO អះអាងថាខ្លួ នត្រូវការទឹកប្រាក់៤,៣ពាន់លានដុល្លារជាបន្ទាន់ និង២៣,៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១៕ដោយ៖ស តារា