ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិរួចជិះម៉ូតូបំណងទៅផ្ទះវិញតែមិនទាន់ដល់គោលដៅផងក៏ដួលបណ្តាលឲ្យរងរបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដែលហេតុការណ៍នេះកើតឡើងនៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បុរសនោះក៏ធ្វេីដំណេីរមកសុំម៉ូតូពីសមត្ថកិច្ចវិញ។
ពេលមកដល់មុខប៉ុស្តិ៍បុរសនេះក៏ហូតលុយពីហោប៉ៅដើម្បីទិញទឹកសុទ្ធ១ដបក៏ស្រាប់តែធ្លាក់គ្រឿងញៀន១កញ្ចប់នៅចំពោះមុខសមត្ថកិច្ច។ឃេីញដូចនេះសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។
ជនសង្ស័យឈ្មោះ គឿ សុខកេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកស្គូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HF 6431។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២០ ជនសង្ស័យខាងលេីបានជិះម៉ូតូដួលខ្លួនឯងនៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងរបួស។ បន្ទាប់មកជនសង្ស័យត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូក៏ត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ដេីម្បីរង់ចាំបងប្អូនមកទទួលយកទៅវិញ។ពេលនេះសមត្ថកិច្ចបានឆែកឆេរក្នុងម៉ូតូក៏ឃេីញសម្ភារប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពដដែលបានបន្តថា លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែឆ្នាំដដែល ស្រាប់តែជនសង្ស័យធ្វេីដំណេីរមកប៉ុស្តិ៍ដេីម្បីសុំម៉ូតូយកទៅវិញ ខណៈមកដល់មុខប៉ុស្តិ៍ជនសង្ស័យក៏លូកហោប៉ៅយកលុយទិញទឹកផឹក ស្រាប់តែធ្លាក់គ្រឿងញៀនមួយកញ្ចប់នៅមុខសមត្ថកិច្ចតែម្តង។ឃេីញដូចនេះសមត្ថកិច្ចក៏ឆែកឆេរលេីដងខ្លួនបន្តរកឃេីញមួយកញ្ចប់ទៀតសរុប២កញ្ចប់តូច ទេីបឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះពិតជារបស់ខ្លួនប្រាកដមែន ដោយសល់ពីការប្រេីប្រាស់ពេលយប់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការបន្ត៕ដោយ៖សុខាសែនជ័យ