ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងសែនមនោរម្យផ្អាកអាជីវកម្ម រឺលេក្ស ហៀល រីសត (Relax Hill Resort) នៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលក្រុងសែនមនោរម្យចេញសេចក្តីផ្អាកអាជីវកម្ម រឺលេក្ស ហៀល រីសត (Relax Hill Resort) នៅខេត្តមណ្ឌលគីរី។ 

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងសែនមនោរម្យ ស្តីពីការផ្អាកអាជីវកម្ម រឺលេក្ស ហៀល រីសត (Relax Hill Resort) ដែលមានទីតាំង ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី យោង ៖ បទបញ្ជារបស់លោកអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការ ខេត្តដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

រដ្ឋបាលក្រុងសែនមនោរម្យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម រឺលេក្ស ហៀល TAJA Relax Hill Resort ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកមានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានមកស្នាក់នៅ រឺលេក្ស ហៀល រីសត (Relax Hill Resort) កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មកនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ននេះអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ដើម្បី ចូលរួមការពារ នៃការរីករាលដាលក្នុងសហគមន៍ដែលមានផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ សូមម្ចាស់អាជីវកម្មខាងលើ ត្រូវផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ និងត្រូវឱ្យអ្នកពាក់ព័ន្ធ ដែលបានប៉ះពាល់មានចំនួន ០៧នាក់ ស្រ្តីចំនួន ០៤នាក់ ត្រូវ ធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅ រឺលេក្ស ហៀល រីសត (Relax Hill Resort) ជាកំហិត និងសូមបងប្អូនដែលបានស្នាក់នៅរឺលេក្ស ហៀល រីសត (Relax Hill Resort) ខាងលើចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សូមធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ-១៩។

រដ្ឋបាលក្រុងសង្ឃឹមថា ម្ចាស់អាជីវកម្ម រឺេលក្ស ហៀល រីសត (Relax Hill Resort) និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃជូនដំណឹងតទៅ ៕

ដោយ៖សិលា


ចែករំលែក៖