ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី «ចែកម៉ាស់ចំនួន ១០.០០០ម៉ាស់ និងបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីជំងឺកូវីដ-១៩សាជាថ្មី ជូនដល់បងប្អូននៅតាមសហគមន៍នៃឃុំទាំង៦ ក្នុងស្រុកបន្ទាយស្រី»៖ ដោយស្ថានភាពវិវត្តនៃមេរោគកូវីដ-១៩មានការប្រែប្រួល ផុយស្រួយ និងតម្រូវឱ្យមានការក្រើនរំលឹកប្រុងប្រយ័ត្នកុំឱ្យមានការរីករាលដាលឆ្លងនៅក្នុងសហគមន៍ រដ្ឋបាលស្រុកបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ចុះផ្សព្វផ្សាយ និងចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋនៅតាមផ្សារ និងតំបន់ប្រជុំជនដែលមានមនុស្សច្រើន ដើម្បីធានាការអនុវត្តវិធានសុវត្ថិភាព និងអនាម័យផ្ទាល់ខ្លួននៅថ្នាក់មូលដ្ឋាន ព្រមទាំងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្រោយមានព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា។
លោកថ្លែងថា បើទោះជាថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសថានឹងបញ្ជាទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ក្នុងពេលឆាប់ៗនេះហើយក៏ដោយ ប៉ុន្តែការប្រុងប្រយ័ត្ននៅក្នុងដំណាក់កាលអន្តរកាលត្រូវតែមាន ហើយយើងត្រូវបន្តនាំគ្នាបង្រួមពីហានិភ័យធំឱ្យទៅជាហានិភ័យតូច និងឈានទៅដល់ការលប់បំបាត់ហានិភ័យទាំងស្រុង ក្រោយពីការចាក់វ៉ាក់សាំងការពារត្រូវបានបញ្ចប់៕
ដោយ៖សិលា