អន្តរជាតិ៖ បើគិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅលើពិភពលោក កើនឡើងដល់ជាង៧០.៧១លាននាក់ហើយ ក្នុងនោះអ្នកស្លាប់ជាង១.៥៨លាននាក់ និងអ្នកជាសះស្បើយជាង៤៩លាននាក់។ ខណៈសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល នៅតែបន្តរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុត។
សូមជម្រាបថា ក្នុងចំណោមជាង៧០.៧១លានករណីខាងលើនេះសហរដ្ឋអាមេរិក មានអ្នកកើតជាង១៦លាន, ឥណ្ឌាជាង៩.៧៩លាន, ប្រេស៊ីលជាង៦.៧៨លាន, រុស្ស៊ីជាង២.៥៦លាន, បារាំងជាង២.៣៣លាន។ចំណែកចក្រភពអង់គ្លេស អ៉ីតាលី តួកគី និងអេស្ប៉ាញ ស្ថិតក្នុងរង្វង់ជាង១.៧លានដូចគ្នា រីឯប្រទេសផ្សេងទៀតដែលមានជាង១លានករណីរួមមានអាហ្សង់ទីន កូឡុំប៊ី អាល្លឺម៉ង់ ម៉ិកស៊ិក ប៉ូឡូញ និងអ៊ីរ៉ង់។
ដោយឡែកនៅប្រទេសប៉េរូ មានជាង៩៧ម៉ឺនករណី អ៊ុយក្រែនជាង៨៥ម៉ឺន, អាហ្វ្រិកខាងត្បូងជាង៨៣ម៉ឺន, ឥណ្ឌា, បែលហ្ស៊ិក, ហូឡង់, អ៊ីរ៉ាក់, ស៊ីលី, ឆេក និងរូម៉ានី មានចន្លោះពីជាង៥៣ម៉ឺនទៅជិត៦០ម៉ឺនករណី ខណៈតួលេខនៅបង់ក្លាដែស ហ្វីលីពីន កាណាដា និងប៉ាគីស្ថានកំពុងឈានទៅរកកន្លះលានករណីរៀងៗខ្លួន។
គួរបញ្ជាក់ដែរថា ចំពោះករណីកូវីដ១៩នេះដែរ ក្នុងចំណោមអ្នកស្លាប់ជាង១.៥៨លាន សហរដ្ឋអាមេរិកមានជិត៣០ម៉ឺននាក់ បន្តដោយប្រេស៊ីលជិត១៨ម៉ឺន, ឥណ្ឌាជាង១៤ម៉ឺន និងម៉ិកស៊ិកជាង១១ម៉ឺន។ ខណៈ២១ប្រទេសទៀត មានអ្នកស្លាប់ចាប់ពីជាង១ម៉ឺននាក់ទៅជាង៦ម៉ឺននាក់ ដែលក្នុងនោះឥណ្ឌូណេស៊ី មានជាង១៨០០០នាក់ផងដែរ៕ដោយ៖ស តារា