ភ្នំពេញ៖ ដោយមានបញ្ជាដឹកនាំរបស់ លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ ព្រឹកថ្ងៃសុក្រ ១១ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ បានសហការជាមួយ គណៈបញ្ជាឯកភាពរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ និងគណៈកម្មការផ្សារច្រាំងចំរេះ ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់នៅផ្សារច្រាំងចំរេះ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផល ក្រុមការងារ បានធ្វើការដកសម្ភារៈមួយចំនួនរបស់អាជីវករដែលបានរឹងរុសមិនព្រមអនុវត្តតាមការណែនាំពីសំណាក់អាជ្ញាធរ និង បន្តដាក់លក់លើចំណីផ្លូវសាធារណៈ យកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌ លើសពីនេះ ក្រុមការងារ បានបន្តផ្សព្វផ្សាយអំពីវិធានការពង្រឹងការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់ ផងដែរ។
សូមបញ្ជាក់ផងដែរថា កន្លងទៅប្រជាពលរដ្ឋទូទៅ នៅក្នុងរាជធានីភ្នំពេញ តែងតែបានឆាតចូល ផេកហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងការចតរថយន្ត ការបើកយានដ្ឋានជួសជុលរថយន្ត បង្កឱ្យមានការកកស្ទះចរាចរណ៍ តាមដងផ្លូវ ដែលជាផ្លូវសាធារណៈ។ ក្នុងករណីមួយនេះ គឺខាងក្រុមការងារ ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងសមត្ថកិច្ចចុះ ទៅដល់កន្លែងនោះ ដើម្បីសម្រួលចរាចរ ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមសំណូមពរ៕
ដោយ ៖ សិលា