ភ្នំពេញ ៖ ក្រោយទទួលបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវនិងបង្ក្រាបបទល្មើស លោកវរសេនីយ៍ឯក ស៊ឹម ចាន់ណារ៉ា នាយការិយាល័យស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលពាក្យបណ្ដឹងពីឈ្មោះ ឆាយ សម្បត្តិ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានក្រុមហ៊ុន Cambodian Hair Extension Co.,Ltd។ ប្តឹងឈ្មោះ ASHU GEORGE EBOT ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ CAMERROONIAN មុខរបរ មិនពិតប្រាកដ ពីបទ”ឆបោក, លួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស ” ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។
ជនសង្ស័យ នៅតែបន្តធ្វើសកម្មភាព Charts តាម WhatsApp ទារប្រាក់ពីជនរងគ្រោះបន្ថែមទៀត ចំនួន ៣៥ ម៉ឺន ដែលខ្លួនជនសង្ស័យបានទទួលប្រាក់លើកទី១ ចំនួន ២៨៧,៥០០ ដុល្លារ រួចហើយ។ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ១០ និង៣០នាទី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខធនាគារ ABA ចំការដូង ផ្លូវ ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនាំជនសង្ស័យ ទៅកន្លែងស្នាក់នៅរបស់ជនសង្ស័យ នៅ Apartment Baly 3 បន្ទប់លេខ B១៦ ជាន់ទី១៧ ផ្លូវកែវចន្ថាសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានចាប់យកវត្ថុតាងរួមមាន៖
-ក្រដាសពុម្ភពណ៌ខ្មៅសម្រាប់ផលិតដុល្លារ ១ដុំ ក្រដាសសម្រាប់ផលិតលុយដុល្លារ ៣ដុំ
-ដបទឹកថ្នាំសម្រាប់លាយដើម្បីផលិតលុយដុល្លារ ដបធំ១ ដបតូច៥ដប
-ម្សៅស១ថង់ ដបប្រេង១ចំនួន
-លុយដុល្លារចំនួន ៧១០០$ និងដុល្លារពុម្ភ៥០០ដុល្លារ
-រថយន្តម៉ាក Toyota Yaris ស្លាកលេខ ភព ២I 7337
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
ដោយ ៖ សិលា