ខេត្តស្វាយរៀង៖ បុរសម្នាក់បាត់មួយព្រឹកខណៈក្រុមគ្រួសារដើររកស្រាប់តែប្រទះឃើញស្លាប់ក្នុងបឹងថ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដងដោយសង្ស័យខ្យល់គរ។
ហេតុការណ៍ប្រទះឃើញសពកាលពីវេលាម៉ោង៤និង៤០ នាទីរសៀលថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២០ស្ថិតនៅភូមិសង្គ្រោះឃុំសំបួរ ស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះសុខ ស៊ុំ អាយុ៥៩ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថានៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបួរបានទទួលព័ត៌មានពីលោកចាន់ សំភាស់ ភេទប្រុសអាយុ ៣៨ ឆ្នាំ មុខរបរគ្រូបង្រៀនបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ថាពូរបស់ខ្លួនជនរងគ្រោះបានចេញពីផ្ទះទៅឆក់ត្រីក្នុងបឹងថ្នាតាំងពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ១៥រសៀលពុំឃើញត្រឡប់មកផ្ទះវិញ។
ប្រភពបន្តថា ដោយមានការសង្ស័យសមត្ថកិច្ចបានចុះទៅជាមួយក្រុមគ្រួសារនឹងអាជ្ញាធរភូមិនិងបងប្អូនប្រជាការពារ និងសាច់ញាតិជនរងគ្រោះបានទៅដល់កន្លែងកើតហេតុស្ថិតនៅក្នុងបឹងថ្នា ខាងកេីតផ្ទះប្រជាពលរដ្ឋចម្ងាយប្រមាណ ១គីឡូម៉ែត្រខណៈនោះស្រាប់តែប្រទះឃើញសាកសពដួលស្លាប់ក្នុងទឹកបឹងថ្នា និងមានវត្ថុតាងអាគុយ៤០វ៉ុល ១គ្រឿង,កន្ត្រកពណ៌ក្រហម១មួយ ,ដែករាវឆក់១គូ,ដុំឆក់ត្រី១,ទូកជ័រពណ៍ខៀវ១ ។
ក្រោយមកសមត្ថកិច្ចក៏បានបញ្ជូនសពមកផ្ទះដើម្បីពិនិត្យដោយមានការចូលរួមពិនិត្យពីលោកវេជ្ជបណ្ឌិតឈន រតនាគ្រូពេទ្យបង្អែកស្រុកស្វាយទាបនិងកំលាំងសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យលើសាកសព ពុំមានរបួសស្នាមលើសាកសពនោះទេ គឺសន្និដ្ឋានថាខ្យល់គរស្លាប់ក្នុងទឹក ។
បើតាមក្រុមគ្រួសារអះអាងថាឪពុករបស់គាត់គឺមានជំងឺលើសឈាមប្រចាំកាយយូឆ្នាំមកហើយទើបសមត្ថកិច្ចប្រគល់សពយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន