ខេត្តពោធិ៍សាត់ ៖ យុវជន១នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្រោមអាយុ១៥ឆ្នាំ ប៉ុន្តែមិនបានសម្រេចព្រោះម្ដាយក្មេងស្រីតាមទាន់ ។
ហេតុការណ៍ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងបន្ទប់ទឹកផ្ទះរបស់ឈ្មោះ ដា ស្ថិតនៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីមន្រ្តីនគរបាលប៉ុស្ថិ៍រដ្ឋបាលបឹងកន្ទួតបង្ហើបថា យុវជនសង្ស័យត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីខាងលើឈ្មោះ ទូច វតនា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកំណើត ភូមិទំពាំងលើ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន កម្មករ និងស្នាក់នៅផ្ទះកើតហេតុ ស្ថិតនៅភូមិ.ឃុំកើតហេតុ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឆ.ស.អ អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពដដែលបន្តទៀតថា នៅវេលាខាងលើជនសង្ស័យ(ទូច វតនា)បានធ្វើក្រវ៉ាវកាវកង្កែបឲ្យក្មេងៗប្រមាណ២ទៅ៣នាក់ នៅក្បែរបន្ទប់ទឹកកើតហេតុ ស្របគ្នានោះដែរឃើញក្មេងស្រីរងគ្រោះកាន់ក្រវ៉ាវកាវកង្កែបអត់ដង ជនសង្ស័យក៏ហៅឲ្យចូលដើម្បីធ្វើដងអោយ ពេលធ្វើក្រវ៉ាវកាវកង្កែបនោះរួចហៅឲ្យនាងមកយក ទំនងឃើញមានឱកាសល្អបានទាញដៃនាងចូលបន្ទប់ទឹក និងសម្រាតខោអាវធ្វើសកម្មភាព ប៉ុន្តែពុំបានសម្រេចនោះទេ ព្រោះស្រ្តីជាម្ដាយក្មេងស្រីបានស្រែកហៅកូន ស្រាប់តែឃើញកូនស្រីដើរចេញពីក្នុងបន្ទប់ទឹក ចំណែកជនសង្ស័យដើរចេញតាមក្រោយ ក៏នាំគ្នាភ្ញាក់ផ្អើលតែម្ដង ។
ប្រភពបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន យុវជនសង្ស័យ(ទូច វតនា)បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី ៕
ដោយ៖ បុឹម ពិន