ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការធ្វើប្រក្រតីភាពការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីបញ្ជាក់ ស្តីពី ការធ្វើប្រក្រតីភាពការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិឡើងវិញ។ ក្នុងនោះក្រសួងបានលើកឡើងថា សម្តេច ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក លោកស្រី  គ្រប់ក្រសួង ស្ថាប័ន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌ។ ចំពោះកម្មវត្ថុ ៖ ស្តីពីការធ្វើប្រក្រតីភាពការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិឡើងវិញ និងយោង៖ លិខិតលេខ ៦០១៦ មស.ត្ររ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមុខងារសាធារណៈ។

លោករដ្ឋមន្ត្រីថ្លែងថា: សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូន សម្តេច លោកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន លោក លោកស្រី អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត និងលោក លោកស្រី អភិបាលនៃគឺណៈអភិបាលក្រុង ស្រុក ខណ្ឌ មេត្តាជ្រាបថា កន្លងមកក្រសួងមុខងារ សាធារណៈ បានចេញលិខិតលេខ ៦០១៦ មស.រ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការផ្អាកការផ្ទេរក្របខ័ណ្ឌ ឬ ផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ក្នុងពេលកំពុងដំណើរការនៃការរៀបចំផ្ទេររចនាសម្ព័ន្ធនិងបុគ្គលិកឱ្យ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយផ្អែកលើតម្រូវការ និងសំណូមពរការងារចាំបាច់របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួងមុខងារសាធារណៈសូមធ្វើការណែនាំពីការធ្វើប្រក្រតីភាពឡើងវិញលើការ ផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការដូចខាងក្រោម៖

១- អនុញ្ញាតឱ្យធ្វើប្រក្រតីភាពឡើងវិញចំពោះការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការដែល បម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ត្រីរាជការនៃមន្ទីរអង្គភាពជំនាញនានាដែលបំពេញការងារ នៅថ្នាក់ក្រោមជាតិ។

២- អនុញ្ញាតឱ្យធ្វើប្រក្រតីភាពឡើងវិញចំពោះការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការដែល បម្រើការងារនៅរដ្ឋបាលរាជធានី ខេត្ត។

៣- ផ្អាកការផ្ទេរចេញពីរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៅមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ន ឬរដ្ឋបាល ថ្នាក់ជាតិ រហូតដល់មានការសម្រេចជាថ្មី។ ប៉ុន្តែរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចធ្វើការផ្លាស់ប្តូរកន្លែងធ្វើ ការរបស់មន្ត្រីរាជការរវាងអង្គភាពមួយទៅអង្គភាពមួយទៀត ព្រមទាំងការតែងតាំង ឬប្រគំល់ភារកិច្ចមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌសាមី ដោយអនុលោមតាមគោលការណ៍ បែបបទ និង នីតិវិធីដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ដែលនៅជាធរមាន។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច លោក លោកស្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងលោក លោកស្រី អភិបាល ខណ្ឌ មេត្តាជ្រាប និងទទួលនូវ ការនៃគណៈអភិបាលក្រុង ស្រុក៕

ដោយ៖ សិលា


ចែករំលែក៖