ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលាលែងចេញពីតំណែង​

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក William Barr បានប្រកាសលាលែងចេញពីតំណែង ដោយសារតែមានវិវាទជាមួយប្រធានាធិបតីដូណាល់ ត្រាំ ពេលដែលលោកប្រកាសថា ការបោះឆ្នោតអាមេរិកមិនមានការបន្លំនោះឡើយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​១៤​ខែធ្នូ​បានប្រកាសថា លោកនឹងលាលែងចេញពីតំណែងនៅសប្តាហ៍ក្រោយ។
ពាក់ព័ន្ធនឹងការលាលែងចេញពីតំណែង​របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ ​ប្រធានាធិបតីដូណាល់ ត្រាំ​បានបង្ហោះលើបណ្តាញសង្គម ថា «ខ្ញុំទើបតែជួបប្រជុំជាមួយលោក​Bill Barr នៅសេតវិមាន​​ ហើយទំនាក់ទំនងយើងទាំងពីរមានសភាពល្អ​ប្រសើរ ហើយលោក Bill Barr បានបំពេញការងារយ៉ាងល្អ​។

លោក Bill Barr នឹងឈប់សម្រាក​ជួបជាមួយគ្រួសារក្នុងឱកាសបុណ្យគ្រិឹសស្មាស់ខាងមុខ។
ជាមួយគ្នានេះលោកត្រាំ ក៏បាន ជ្រើសរើសលោក​Jeff Rosen រដ្ឋលេខាធិការក្រសួងយុត្តិធម៌កាន់តំណែងជំនួសវិញ។
នៅក្នុងលិខិតលាលែងចេញពីតំណែង​លោកBill Barr ក៏បាន សរសើរដល់ប្រធានាធិបតីដូណាល់ ត្រាំ​​ ដែលបានជំរុញសេដ្ឋកិច្ចជាតិ ពង្រឹងកម្លាំងយោធា​ និងទប់ស្កាត់ការឆ្លងកូវីដ​-១៩ បានយ៉ាងល្អបំផុត​ផងដែរ។
ការលាលែងចេញពីតំណែង ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ខឹងសម្បាយ៉ាងខ្លាំង​ដែលរដ្ឋមន្ត្រីយុត្តិធម៌​ប្រកាសថា ការបោះឆ្នោត​ប្រកបដោយយុត្តិធម៌ ។ លោក​Bill Barr ត្រូវបានជ្រើសរើសធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌​នៅចុងឆ្នាំ២០១៨ ជំនួសលោកJeff Sessions ដែលលាលែងចេញពីតំណែង ៕

ដោយ៖ធី រីណា

រូបថត៖ Mandel Ngan / AFP

 


ចែករំលែក៖