ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបុកម៉ូតូពេញទំហឹងបណ្តាលឱ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងមួយគ្រឿងបានបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង២១៖៥៥នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ៧៣ ត្រង់ចំណុចមុខទីស្នាក់ការអង្គការការពារអភិរក្សសត្វព្រៃ ព្រៃឈើ ជលផលកម្ពុជា ស្ថិតក្នុងភូមិ២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រភពបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AD-7907 ហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេបានរត់គេចខ្លួនបាត់ភ្លាមៗបន្ទាប់ពីកើតហេតុ។
ប្រភពបន្តថា រថយន្តបង្កហេតុនោះបើកបរក្នុងដំណើរពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1F.2096 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងក្នុងដំណើរបញ្ច្រាសទិសគ្នា។

ក្រោយកើតហេតុមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះរង់ចាំធ្វើការដោះស្រាយតាមក្រោយ៕ដោយ៖ ជីវ័ន្ត


ចែករំលែក៖