ខេត្តកំពង់ចាម ៖ អធិការដ្ឋាននគរបាលស្រុកព្រៃឈរបំភ្លឺចំពោះការបង្ហោះប៉ះ ពាល់កិត្តិយសមកលេីកម្លាំងសមត្ថកិច្ចនៅលេីគណនីហ្វេសប៊ុកឈ្មោះ SI Net “Account Facebook SI Net” ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានសរសេរថា រយៈពេលជិតបួនខែហើយគ្រោះថ្នាក់ចរាចរណ៍ម្ខាងជិះគ្នាបីនាក់ស្រវឹងស្រាមកបុកប្ដីខ្ញុំដួលបោកក្បាលឈាមកកក្នុងខួរក្បាលសម្រាកពេទ្យកាល់ម៉ែត១ខែ២៣ថ្ងៃ បាត់បង់ស្មារតីពិការដៃជើង ប៉ូលិសចរាចរណ៍ស្រុកព្រៃឈរសម្រួលអោយបញ្ចប់ដោយឥត មានសំណង សូមថ្នាក់ដឹកនាំជួយរក យុត្តិធម៌គ្រួសារខ្ញុំផង ។
ម្ចាស់ SI Net “Account Facebook SI Net” ឈ្មោះ អិន ស៊ីណេត ភេទស្រី អាយុ៤៥ ឆ្នាំ រស់នៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ។
ដេីម្បីផ្តល់តម្លាភាពយុត្តិធម៌ទាំងអស់គ្នា ជាដំបូង សូមគោរពថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និង បងប្អូនដែលនិយមចូលចិត្តប្រើប្រាស់តាមប្រព័ន្ធបណ្តាញសង្គម ហ្វេសប៊ុក FaceBook សាធារណៈជន សូមគោរពជូនជ្រាប និង សូមជ្រាប ដូចខាងក្រោម ៖
អង្គហេតុ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូ កើតឡើងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦០ ចំណុចភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ រវាងម៉ូតូម៉ាក ហុងដាឌ្រីម ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1K-4971 បើកបរដោយឈ្មោះ វ៉ាត ស៊ីវឿន ភេទប្រុស អាយុ៤៥ឆ្នាំ (ត្រូវជាប្តីរបស់ឈ្មោះ អិន ស៊ីណេត) រស់នៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ (គ្មានមួកសុវត្ថិភាព) ។
និងមូយគ្រឿងទៀតម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឌី សេងហាន ភេទប្រុស អាយុ៣៦ ឆ្នាំ (ឌុបមនុស្ស ០២ នាក់) រស់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ (គ្មានមួកសុវត្ថិភាព) ។
មូលហេតុ ឈ្មោះ វ៉ាត ស៊ីវឿន បើកបរម៉ូតូឆ្លងកាត់ទទឹងថ្នល់ ខ្វះការប្រុងប្រយ័ត្ន ។ ករណីនេះបណ្តាលឱ្យរងរបួសមនុស្ស ០៤ នាក់ និង ខូចខាតម៉ូតូ០២គ្រឿង បន្ទាប់ពីទទួលបានព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានចាត់បញ្ជាកម្លាំងផ្នែកនគរបាលសណ្ដាប់ធ្នាប់ស្រុក ចុះទៅដល់កន្លែងកើតហេតុ និងរៀបចំឯកសារកសាងសំណុំរឿងទៅតាមនីតិវិធីរបស់ជំនាញ ។
ចំពោះករណីនេះ ដោយមានការសំណូមពរពី លោក ពេជ្រ ដេត មេឃុំក្រូច ស្នើសូមឱ្យភាគីទាំងសងខាង ពិភាក្សា ចរចាសម្រុះសម្រួល និង សូមមានការដោះស្រាយបញ្ចប់រឿងនៅអធិការដ្ឋាននគរបាលស្រុក ដោយមានការយោគយល់ ទើបសុំគោលការណ៍ និង ការអនុញ្ញាតពីថ្នាក់ដឹកនាំ សូមឱ្យភាគីទាំងសងខាង ពិភាក្សា ចរចាគ្នាសិន ។
ក្រោយពេលកើតមានករណីគ្រោះថ្នាក់ខាងលើនេះ តំណាងភាគីឈ្មោះ វ៉ាត ស៊ីវឿន មិនបានមកជួប និង មិនបានដាក់ពាក្យបណ្តឹងចំពោះករណីនេះ នៅផ្នែកជំនាញនគរបាលសណ្តាប់ធ្នាប់ស្រុកនោះទេ ។ បន្ទាប់ពីពេលកើតហេតុកម្លាំងជំនាញសណ្ដាប់ធ្នាប់ស្រុក បានចុះធ្វើការការវាស់វែង ពិនិត្យកន្លែងកើតហេតុ ប្រមូលភស្តុតាងជុំវិញកន្លែងកើតហេតុ និងរៀបចំឯកសារសំណុំរឿងរួចរាល់ រង់ចាំតំណាងភាគីខាងឈ្មោះ វ៉ាត ស៊ីវឿន ចូលមកបំពេញសំណុំបែបបទដើម្បីដោះស្រាយតាមនីតិវិធី ។
ដោយនាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញសណ្តាប់ធ្នាប់ ទទួលការទំនាក់ទំនងពីឈ្មោះ អិន ស៊ីណេត ជាតំណាងភាគីឈ្មោះ វ៉ាត សាវឿន សុំចូលមកធ្វើការដោយស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ។ កម្លាំងជំនាញ បានធ្វើការអញ្ជើញភាគីទាំងសងខាងជួបគ្នាដើម្បីធ្វើការពិភាក្សា ចរចាដោះស្រាយករណីនេះ ដោយឈ្មោះ អិន ស៊ីណេត តំណាងភាគីឈ្មោះ វ៉ាត ស៊ីវឿន (ដែលមានរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ព្រមទទួលយកនូវការដោះស្រាយនូវសំណងជាទឹកប្រាក់ ២,០០០,០០០៛ (ពីរលានរៀលគត់) ដើម្បីបញ្ចប់រឿង និង សូមមិនមានការប្តឹងផ្តល់បន្តទៀតឡើយ ។
ដោយមានការយល់ព្រមរវាងភាគីទាំងពីរ លោកអធិការនគរបាលស្រុកព្រៃឈរ បានគោរពសុំយោបល់ និង គោរពសូមគោលការណ៍ថ្នាក់ដឹកនាំដើម្បីបញ្ចប់ករណីនេះ ៕ ដោយ៖វណ្ណៈ