ខេត្តសៀមរាប៖ បើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប គឺអាជ្ញាធរជាតិអប្សរា ដែលសហការ ជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវមរតកវប្បធម៌នៃទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ក្នុងការងារជួសជុលក្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ ដើម្បីអភិរក្សឱ្យរួចចាកផុតពីភាពខ្ទេចខ្ទាំ បានជិតឈានដល់ការបញ្ចប់ជាស្ថាពរហើយ។
អង្គភាពមន្ទីរព័ត៌មានខេត្តបានបន្តថា លោក ស៊ា សុភារុន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានការដ្ឋានជួសជុលបានឱ្យដឹងនៅថ្ងៃទី១៥ ខែធ្មូនេះថា ការជួសជុលខ្លោងទ្វារខាងកើត ប្រាសាទតានៃនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ មក គឺសម្រេចបានប្រហែល៩០% ហើយដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។
លោកមានប្រសាសន៍ទៀតថា បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតានៃរចនាសម្ព័ន្ធរបស់វាទាំងមូលបានរំកិលចេញពីទីតាំងដើម ថ្មជញ្ជាំងគ្រប់ជ្រុងប្រេះចេញពីគ្នា ដែលអាចនឹងរងការបាក់រលំ ។ ឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកថ្មដំបូលដែលនៅសល់ពុំមានស្ថេរភាពដោយសារឫស និងដើមឈើចាក់ចូលបំផ្លាញ។ ក្រុមអ្នកជំនាញឱ្យដឹងថាប្រាសាទតានៃ ដែលមានអាយុកាលជាង៩០០ឆ្នាំមកហើយ នោះ គឺនៅអំឡុងពេលជួសជុល គឺបានធ្វើកំណាយស្រាវជ្រាវ ហើយប្រទះឃើញកុលភាជន៍ជាច្រើនបំណែក និងព្រះកេស លោកកេសូផងដែរ។
លោក ព្រំ សុភក្តិ មន្ត្រីបច្ចេកទេសជួសជុលចម្លាក់ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា អ្នកជំនាញបានប្រើបច្ចេកទេសជួសជុលថ្មក្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ ដែលពុកផុយខ្លាំង ចំនួនជាង៣០០ដុំតាមបែបសម័យទំនើបស្របតាមការណែនាំផ្នែកបច្ចេកទេសពីគណ:កម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ៕
ដោយ៖ សិលា