ខេត្តសៀមរាប៖ ឧទ្យានជាតិភ្នំគូលែននៅ ខេត្តសៀមរាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយក្នុងខេត្តព្រះសីហនុគឺជាទីតាំង ២ ដែលរាជរដ្ឋាភិបាលសម្រេចយកដើម្បីអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES)ក្រសួងបរិស្ថានសូមអំពាវនាវនិងលើកទឹកចិត្តចំពោះអ្នកប្រើប្រាស់ទឹកក្នុងបរិមាណច្រើន (អាជីវកម្ម)ផ្តល់វិភាគទានស្ម័គ្រចិត្ត ឬអាចបង់ព័ន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយ ដើម្បីយកថវិកានេះមកប្រើប្រាស់លើការងារការពារប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិជ័យវរ្ម័ន នរោត្តមភ្នំគូលែន ដែលជាអាងទឹកធម្មជាតិដ៏ធំសម្រាប់អ្នកខេត្តសៀមរាម»។
ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ ពីលើខ្នងភ្នំគូលែនជាទីដែលលោក បានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មានស្វែងយល់ពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) និង ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនតាមរយៈអ្នកសារេព័ត៌មាន។ គម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភី អ៊ី អេស (PES) ដែលជាយន្តការ ហិរញ្ញវត្ថុសំដៅដល់«អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីត្រូវបង់ថ្លៃជាសាច់ប្រាក់ ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាពនៃសេវាកម្មដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា តាមការសិក្សា ជាក់ស្តែងទាំងម្ចាស់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋធម្មតារស់នៅក្នុងក្រុងសៀមរាបត្រូវពឹងផ្អែកលើទឹកក្រោមដីប្រមាណ ៨០% ហើយ ២០% ទៀតផ្គត់ផ្គង់ដោយរដ្ឋាករទឹកខេត្ត ហើយការប្រើប្រាស់ទឹកក្រោមដីយ៉ាងខ្លាំងក្លាបែបនេះបានធ្វើឱ្យបរិមាណទឹកក្រោមដី មានការថយចុះ ដែលធ្វើឱ្យការជីកអណ្តូងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែជ្រៅទៅៗ។ តាមជំនឿ ទឹកពីភ្នំគូលែន គឺជាទឹកអម្រឹត ហើយការសិក្សាបែបវិទ្យាសាស្ត្រមួយចំនួនក៏បានបង្ហាញថា ទឹកពីភ្នំគូលែនគឺជាទឹកដែលមានគុណភាពល្អសម្រាប់ប្រើប្រាស់របស់មនុស្សផងដែរ។
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ដើម្បីឱ្យមាននិរន្តរភាពសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅឧទ្យានជាតិភ្នំគូលែន ជាពិសេសទឹកដែលមានប្រភពពីភ្នំគូលែន ចាំបាច់ត្រូវការពារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីភ្នំគូលែន ដូចជាការទប់ស្កាត់ការបាត់បង់ព្រៃឈើ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធទឹកធម្មជាតិដែលបាត់បង់និងខូចមុខងារ ទប់ស្កាត់ការបំពុលទឹកក្នុងស្ទឹង និងទឹកក្រោមដី។
បើតាមលោកនេត្រ ភក្ត្រា ក្រសួងបរិស្ថាន និងអ្នកពាក់ពន្ធជាពិសេសថា្នក់ក្រោមជាតិដែលជាអ្នកអនុវត្ត PES ថ្នាក់ខេត្ត បានសម្រេចលើយន្តការនៃការអនុវត្ត និងកៀរគរថវិកាដោយជ្រើសយកជម្រើសសមស្របដែលបានសម្រេចឱ្យអនុវត្ត PES នៅភ្នំគូលែនគឺ៖ ១) ការរួមវិភាគទានដោយស្ម័គ្រចិត្តពីអ្នកប្រើប្រាស់ទឹកក្នុងបរិមាណច្រើន(អាជីវកម្ម) ២)ការបង់ព័ន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយ។
ថវិកាដែលទទួលបានពីការអនុវត្តនេះនឹងត្រូវចូលទៅក្នុងមូលនិធិបរិស្ថាននិងសង្គមដែលគ្រប់គ្រងដោយ ក្រសួងបរិស្ថានដើម្បីអាចប្រើប្រាស់ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីននៅភ្នំគូលែន។ ឧទ្យានជាតិភ្នំគូលែននៅ ខេត្តសៀមរាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយក្នុងខេត្តព្រះសីហនុគឺជាទីតាំង ២ ដែលរាជរដ្ឋាភិ បាលសម្រេចយកដើម្បីអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា តាមការវិភាគទានប៉ាន់ស្មានពីការអនុវត្តPES សម្រាប់ឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ក្នុងខេត្តសៀមរាប ប្រសិនបើជម្រើសនៃការប្រមូលការបង់ថ្លៃអេកូឡូស៊ីខាងលើត្រូវបានអនុវត្តពេញលេញនោះ យើងអាចមានលទ្ធភាពប្រមូលថវិកាបានពី២,៩ ទៅ៣,៩លានដុល្លារ ក្នុង១ឆ្នាំ។
ថវិកាដែលប្រមូលបានពីការអនុវត្តសាកល្បងPES នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការថែរក្សា ការពារ និងស្តាមុខងារប្រព័ន្ធអេកូឡូស៊ីនៅតំបន់ដែលបានអនុវត្ត ដូចជាការការពារ និងស្តារព្រៃឈើនៅតំបន់ផ្ទៃរងទឹកភ្លៀង ឬទីជម្រាល ការស្តារប្រព័ន្ធផ្លូវទឹកធម្មជាតិដែលរងការខូចខាត ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់កម្រិតជីវៈភាពសហគមន៍ដែលជាអ្នកមានតួនាទីក្នុងការពារតំបន់ខ្សែទឹកខាងលើ។
លោកស្រីចាន់សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចប្រព័ន្ធផ្សព្វផ្សាយនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យនិងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ីនេះជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោល នយោបាយនៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះដើម្បីរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ជាទីតាំងប្រវត្តិសាស្រ្តដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្រ្តច្រើនប្រភេទមានដូចជា សំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ ប្រព័ន្ធទឹកធម្មជាតិ និងសហគមន៍។
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ”ភ្នំគូលែន” មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកសាប និងទឹក្រោមដីសម្រាប់ក្រុងសៀមរាប ជាពិសេសផ្តល់ជាប្រភពទឹកក្រោមដី សម្រាប់រក្សាលំនឹងប្រាសាទបុរាណដែលភាគច្រើនសាងសង់លើទម្រដីខ្សាច់។
នៅឧទ្យានជាតិ ជ័យវរ្ម័ន នរោត្តមភ្នំគូលែនមានផ្ទៃដីទំហំ ៣៧ ៣៧៣ ហិកតាមានប្រភពទឹកធំៗប្រមាណ ៥០ កន្លែង និងមានអាងស្តុកទឹកធំៗជាង ១០ដែលមានទីតាំងនៅចំកណ្តាលខេត្តសៀមរាប និងមានតួនាទីជាអ្នកផ្គត់ផ្គង់ ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងខេត្ត៕
ដោយ៖សូ រិយា