ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃឌិននឹងចាក់វ៉ាក់សាំងកូវីដ​-១៩ ផ្សាយផ្ទាល់​​តាមប្រព័ន្ធផ្សព្វផ្សាយនានា

ចែករំលែក៖

ប្រធានាធិបតី​អាមេរិក​ ចូ បៃឌិន​នឹងចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានា​ ដើម្បីបញ្ជាក់ដល់ពលរដ្ឋអាមេរិកឲ្យបានដឹងថា វ៉ាក់សាំងគឺមានប្រសិទ្ធភាព​ និងសុវត្ថិភាព។
ការចាក់វ៉ាក់សាំងរបស់លោកបៃឌិន​ នឹងធ្វើឡើងនៅថ្ងៃចន្ទ (ពេលវេលានៅអាមេរិក)។ ក្នុងពេលជាមួយគ្នានោះដែរ​​វ៉ាក់សាំង​ផលិតដោយក្រុមហ៊ុន Moderna ក៏នឹងទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការផងដែរ​។
លោកបៃឌិនបានបញ្ជាក់ថា​«ខ្ញុំមិនចង់ទទួលបានការផ្តល់អាទិភាពនោះឡើយ ​ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យពលរដ្ឋអាមេរិកបានដឹងថា វ៉ាក់សាំង ទាំងនោះគឺមានសុវត្ថិភាព មិនត្រូវបារម្ភពីការចាក់នោះឡើយ»។
កន្លងមក អនុប្រធានាធិបតីអាមេរិក លោក Mike Pence ប្រធានរដ្ឋសភា លោកស្រីNancy Pelosi ប្រធានព្រឹទ្ធសភា Mitch McConnell និងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបទៀតបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ តាំងពីថ្ងៃសុក្រ (ពេលវេលាអាមេរិក) ។ មន្ត្រីជាន់ខ្ពស់ទាំងអស់នោះបានចាក់វ៉ាក់សាំងដោយបើកចំហជាសាធារណៈ​ ដើម្បីឲ្យពលរដ្ឋ បានដឹង​។
ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ មិនទាន់មានគម្រោងចាក់វ៉ាក់សាំងនៅឡើយទេ។ នៅពេលណាគ្រូពេទ្យ​របស់លោក ប្រាប់ថា ដល់ពេលត្រូវចាក់ លោកនឹងប្រកាសជាសាធារណៈ។​ គ្រូពេទ្យ​លោកត្រាំ​បានឲ្យដឹងថា ដោយសារតែប្រធានាធិបតី បានឆ្លងកាត់ការព្យាបាលកូវីដ​-១៩ ដូច្នេះ គឺត្រូវប្រើរយៈពេលយ៉ាងតិច​៩០ថ្ងៃទើបអាចចាក់វ៉ាក់សាំងកូវីដ​-១៩​បាន។ លោកត្រាំបានឆ្លងកូវីដ​-១៩ កាលពីខែតុលាឆ្នាំ​២០២០៕

ដោយ៖ធី រីណា


ចែករំលែក៖