ប្រធានាធិបតីអាមេរិក ចូ បៃឌិននឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានា ដើម្បីបញ្ជាក់ដល់ពលរដ្ឋអាមេរិកឲ្យបានដឹងថា វ៉ាក់សាំងគឺមានប្រសិទ្ធភាព និងសុវត្ថិភាព។
ការចាក់វ៉ាក់សាំងរបស់លោកបៃឌិន នឹងធ្វើឡើងនៅថ្ងៃចន្ទ (ពេលវេលានៅអាមេរិក)។ ក្នុងពេលជាមួយគ្នានោះដែរវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Moderna ក៏នឹងទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការផងដែរ។
លោកបៃឌិនបានបញ្ជាក់ថា«ខ្ញុំមិនចង់ទទួលបានការផ្តល់អាទិភាពនោះឡើយ ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យពលរដ្ឋអាមេរិកបានដឹងថា វ៉ាក់សាំង ទាំងនោះគឺមានសុវត្ថិភាព មិនត្រូវបារម្ភពីការចាក់នោះឡើយ»។
កន្លងមក អនុប្រធានាធិបតីអាមេរិក លោក Mike Pence ប្រធានរដ្ឋសភា លោកស្រីNancy Pelosi ប្រធានព្រឹទ្ធសភា Mitch McConnell និងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបទៀតបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាំងពីថ្ងៃសុក្រ (ពេលវេលាអាមេរិក) ។ មន្ត្រីជាន់ខ្ពស់ទាំងអស់នោះបានចាក់វ៉ាក់សាំងដោយបើកចំហជាសាធារណៈ ដើម្បីឲ្យពលរដ្ឋ បានដឹង។
ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ មិនទាន់មានគម្រោងចាក់វ៉ាក់សាំងនៅឡើយទេ។ នៅពេលណាគ្រូពេទ្យរបស់លោក ប្រាប់ថា ដល់ពេលត្រូវចាក់ លោកនឹងប្រកាសជាសាធារណៈ។ គ្រូពេទ្យលោកត្រាំបានឲ្យដឹងថា ដោយសារតែប្រធានាធិបតី បានឆ្លងកាត់ការព្យាបាលកូវីដ-១៩ ដូច្នេះ គឺត្រូវប្រើរយៈពេលយ៉ាងតិច៩០ថ្ងៃទើបអាចចាក់វ៉ាក់សាំងកូវីដ-១៩បាន។ លោកត្រាំបានឆ្លងកូវីដ-១៩ កាលពីខែតុលាឆ្នាំ២០២០៕
ដោយ៖ធី រីណា