ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ករណីជាសះស្បើយចំនួន ០២នាក់ រួមមាន៖

១. ករណីជាសះស្បើយ ៖ ចំនួន ០១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

-ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារមួយក្នុងរាជធានីភ្នំពេញត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

២. ករណីជាសះស្បើយ៖ ចំនួន ០១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា (ដែលមិនមានពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

– បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ ចំពោះលទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

វត្ថុសំណាកនៅសល់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១០៣សំណាក និងវត្ថុសំណាកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ ចំនួន ៤១សំណាក សរុបមានចំនួនទាំងអស់ ១៤៤សំណាក ដែលត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជានៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុ សំណាកចំនួន ២សំណាកទៀត ដែលត្រូវធ្វើវិភាគនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ (ដោយសារវត្ថុសំណាកទាំងនេះ ទទួលបានក្រោយម៉ោង ១៧:០០នាទីល្ងាចនៃថ្ងៃដដែល )។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់ នេះ មានអ្នកជាសះស្បើយ សរុបចំនួន ៣២នាក់ (ស្រី ១៤នាក់ និងប្រុស ១៨នាក់) ៕

ដោយ៖ សិលា


ចែករំលែក៖