ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកនីស្សាន់បោះពួយក្នុងល្បឿនយ៉ាងលឿនរេចង្កូតឡើងលើខឿនផ្លូវទៅបុកបង្គោលស្លាកសញ្ញាមួយដើមនិងបន្តទៅបុកដើមឈើមួយដើមទៀតធ្វើឱ្យរថយន្តវិលមួយជុំខ្ទេចមួយកំណាត់មុខ តែសំណាងល្អដែរ ដែលអ្នកបើកបរមិនមានរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចមុខក្រុមហ៊ុន(KIA)តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកនីស្សាន់មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-8657ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងលើខឿនផ្លូវជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមបណ្ដាលឲ្យទ្រេតរួចបន្តទៅបុកដើមឈើមួយដើមទៀតធ្វើឱ្យរថយន្តវិលមួយជុំបែរក្បាលទៅទិសខាងកើតវិញខ្ទេចមួយកំណាត់មុខ តែសំណាងល្អអ្នកបើកមិនមានរងរបួសឡើយរួចបានចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ផេង ភាព