លោក Mauricio Pochettino អតីតអ្នកចាត់ការទូទៅរបស់ក្រុម Tottenham គឺជាអ្នកត្រូវបានក្លិបនៅបារាំងទុកចិត្ត និងផ្តល់ឲ្យធ្វើជាគ្រូបង្វឹកក្រុម Paris St-Germain បន្ទាប់ពីលោក Thomas Tuchel ត្រូវបានបណ្តេញចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២០។
ការជជែករវាងក្លិប PSG និងលោក Pochettino បានចាប់ផ្តើមយ៉ាងហោចណាស់ពីរសប្តាហ៍មុន។ លោក Tuchel អាយុ៤៧ឆ្នាំត្រូវបានបណ្តេញចេញពីអ្នកចាត់ការទូទៅ បន្ទាប់ពីលោកដឹកនាំក្រុម PSGឈ្នះ ៤-០ កាលពីថ្ងៃពុធទល់នឹងក្រុម Strasbourg ។ ក្លិបបារាំងមួយនេះមិនទាន់បញ្ជាក់ពីការបណ្តេញជនជាតិបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះនៅឡើយទេ។
លោក Pochettino ដែលបានដឹកនាំក្រុម Spurs ឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ២០១៩ ដែលពួកគេបានចាញ់ក្រុម Liverpool នោះត្រូវបានទាក់ទងជាទៀងទាត់ជាមួយនឹងក្លិប PSG ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោកក៏ធ្លាប់លេងឱ្យ PSG ចន្លោះឆ្នាំ២០០១ និង២០០៣ ហើយគាត់អត់មានការងារធ្វើតាំងពីចាកចេញពី Spurs កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ។
អតីតគ្រូបង្វឹក Southampton រូបនេះបានចូលរួមជាមួយក្រុម Spurs កាលពីឆ្នាំ២០១៤ និងបានដឹកនាំពួកគេទៅវគ្គផ្តាច់ព្រ័ត្រ League Cup ក្នុងរដូវកាលដំបូងរបស់គាត់ ខណៈដែលការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ចំនួន២ដង ដោយឈរនៅលើតារាងជើងឯករងនៅ Premier League ក្នុងឆ្នាំ២០១៧។
លោក Tuchel បានក្លាយជាគ្រូបង្វឹកក្រុម PSG របស់លីកកំពូលបារាំងLigue 1 កាលពីឆ្នាំ២០១៨ ដោយបានឈ្នះពានរង្វាន់លីកចំនួន២គឺ French Cup និង French League Cup ។ លោកបានដឹកនាំក្លិបឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងកាលពីរដូវកាលមុនដោយចាញ់ក្រុម Bayern Munich ១-០ ។ កុងត្រារបស់អតីតគ្រូបង្វឹកក្រុម Borussia Dortmund លោក Tuchel រូបនេះត្រូវបានគ្រោងនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
លោក Tuchel បានចូលរួមជាមួយក្លិបPSGកាលពីខែឧសភា ឆ្នាំ២០១៨ ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំដំបូងបន្ទាប់ពីបញ្ចប់តំណែងបុរសសញ្ជាតិអេស្ប៉ាញ Unai Emery ដោយយល់ព្រមបន្ត១ឆ្នាំទៀតនៅខែឧសភាឆ្នាំ២០១៩ ។
បច្ចុប្បន្នក្រុម PSG ឈរនៅលេខ៣ក្នុងលីគកំពូលបារាំង និងមានកៅអីឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរដែលត្រូវប៉ះក្រុម Barcelona ។
ការទទួលជ័យជម្នះកាលពីថ្ងៃពុធលើក្រុម Strasbourg បានធ្វើឱ្យក្រុមម្ចាស់ជើងឯក PSG ឈានដល់ចំណុចមួយជាមួយក្រុម Lyon និងក្រុមLille ខណៈដែលរដូវកាល Ligue 1 ឈានដល់ការសម្រាករដូវរងាររយៈពេល២សប្តាហ៍ ៕ដោយ៖ភារៈ