ខេត្តបន្ទាយមានជ័យ ៖ មានម៉ូតូចំនួន០៣គ្រឿង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណពី០៥ទៅ០៦នាក់ បានជិះយកមកប្លុងទុកចោលនៅមុខផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា នៅវេលាម៉ោង២១និង២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានឈ្មោះ យ៉ា លោត ភេទប្រុស អាយុ៥២ឆ្នាំ ជាប្រជាការពារភូមិគោកលុន នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចយើងថា មានមនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុម ប្រហែល០៥ទៅ០៦នាក់ បានយកម៉ូតូចំនួន០៣គ្រឿង ម៉ាកHONDA Drem C125 ពណ៌ខ្មៅទាំង៣គ្រឿង និងមួកសុវត្ថិភាពចំនួន០៣ ជិះមកទុកនៅមុខផ្ទះឈ្មោះ យិប អ៊ុត ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចពួកគេឡើងជិះរថយន្តទៅបាត់។
លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន នេះភ្លាមលោកបានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី ចុះទៅពិនិត្យឃើញថា ម៉ូតូទាំង០៣គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ក្នុងនោះម៉ូតូ ទី០១- ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ1B.3451 លេខម៉ាស៊ីនND125.ME388614, ទី០២-ស៊េរី២០១១ ពាក់ស្លាកលេខកំពង់ចាម.1J.1330 លេខម៉ាស៊ីនND125.ME8626222, ទី០៣-សេរី២០១៣ ពាក់ ស្លាកលេខ សៀមរាប. 1L.3181 លេខម៉ាស៊ីនND125.ME8511496 ។
បើតាមការបញ្ជាក់របស់ឈ្មោះ យិប អ៊ុត បានប្រាប់សមត្ថកិច្ចថា ជនមិនស្គាល់អត្តសញ្ញាណទាំងនោះ ពួកគេនិយាយភាសាស្តាប់មិនបាន ឮដូចជាភាសាចិនបន្តិច វៀតណាមបន្តិច។ ក្រោយនិយាយគ្នារួច ពួកគេនាំគ្នាឡើងជិះរថយន្តមិនស្គាល់ម៉ាកបើកទៅទិសខាងកើតបាត់ស្រមោល ដោយទុកម៉ូតូ៣គ្រឿង និងមួកសុវត្ថិភាព៣ នៅមុខផ្ទះរបស់គាត់ ។
ចំពោះករណីយកម៉ូតូទៅប្លុងទុកចោលនេះ លោកអធិការបានបន្ថែមថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី បានរង់ចាំរយៈពេលជាង៣០នាទី មិនឃើញម្ចាស់ម៉ូតូមកយកវិញ កម្លាំងនគរបាលរបស់លោកបានយកម៉ូតូទាំង០៣គ្រឿង និងមួកសុវត្ថិភាពចំនួន០៣ នោះទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជប់វារី ។
ពាក់ព័ន្ធករណីនេះសមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីលួចយកមកប្លុងទុកចោល ឬយ៉ាងណាទេ ព្រោះមកទល់នឹងថ្ងៃនេះ មិនទាន់មានបណ្តឹងពីរឿងមានអ្នកបាត់ម៉ូតូនោះនៅឡើយតែកំពុងធ្វើការស្រាវជ្រាវនៅឡើយ៕
ដោយ៖ប្រាថ្នា