ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូ៣គ្រឿងមកប្លុងទុកចោលនៅមុខផ្ទះប្រជាពលរដ្ឋ​ រួច​ឡើង​ជិះរថយន្តគេចខ្លួនបាត់

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​  មាន​ម៉ូតូ​ចំនួន​០៣​គ្រឿង​ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ពី​០៥​ទៅ​០៦​នាក់​ បាន​ជិះ​យក​មក​ប្លុង​ទុក​ចោល​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុងភូមិ​គោក​លុន​ ឃុំ​ជប់​វា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​។

​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ បាន​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២០​ មានឈ្មោះ យ៉ា​ លោត​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជា​ប្រជា​ការពារ​ភូមិ​គោក​លុន​ នៅ​ភូមិ​គោក​លុន​ ឃុំ​ជប់​វា​រី​ ស្រុក​ព្រះនេត្រព្រះ​ បាន​ទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចយើងថា មាន​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ ប្រហែល​០៥​ទៅ​០៦​នាក់​ បាន​យក​ម៉ូតូ​ចំនួន​០៣​គ្រឿង​ ម៉ាក​HONDA​ Drem​ C125​ ពណ៌​ខ្មៅ​ទាំង​៣​គ្រឿង​ និង​មួក​សុវត្ថិភាព​ចំនួន​០៣​ ជិះ​មក​ទុក​នៅ​មុខ​ផ្ទះ​ឈ្មោះ​ យិ​ប​ អ៊ុត​ ភេទ​ប្រុស​ អាយុ​៧៦​ឆ្នាំ​ នៅ​ភូមិ​គោក​លុន​ ឃុំ​ជប់​វា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ រួចពួកគេឡើងជិះរថយន្តទៅបាត់។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ នេះភ្លាមលោក​បាន​ចាត់តាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជប់​វា​រី​ ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា​ ម៉ូតូ​ទាំង​០៣​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ក្នុង​នោះ​ម៉ូតូ​ ទី​០១-​ ស៊េរី២០១៩ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ​1B.3451​ លេខ​ម៉ាស៊ីន​ND125.ME388614,​ ទី​០២-​ស៊េរី២០១១ ពាក់​ស្លាក​លេខ​កំពង់ចាម​.1J.1330​ លេខ​ម៉ាស៊ីន​ND125.ME8626222,​ ទី​០៣-​សេរី​២០១៣​ ពាក់​ ស្លាក​លេខ​ សៀមរាប​.​ 1L.3181​ លេខ​ម៉ាស៊ីន​ND125.ME8511496​ ។​

​បើ​តាម​ការ​បញ្ជាក់​របស់​ឈ្មោះ​ យិ​ប​ អ៊ុត​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ ជន​មិន​ស្គាល់​អត្ត​សញ្ញា​ណទាំងនោះ​ ពួក​គេ​និយាយ​ភាសា​ស្តាប់​មិន​បាន​ ឮ​ដូច​ជា​ភាសា​ចិន​បន្តិច​ វៀតណាមបន្តិច។ ក្រោយ​និយាយ​គ្នា​រួច​ ពួកគេនាំគ្នាឡើងជិះរថយន្តមិនស្គាល់ម៉ាកបើកទៅទិសខាងកើតបាត់ស្រមោល​ ដោយ​ទុក​ម៉ូតូ​៣​គ្រឿង​ និង​មួក​សុវត្ថិភាព​៣​ នៅ​មុខ​ផ្ទះ​របស់​គាត់​ ។​

ចំពោះករណីយកម៉ូតូទៅប្លុងទុកចោលនេះ លោក​អធិការ​បាន​បន្ថែម​ថា​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជប់​វា​រី​ បាន​រង់ចាំ​រយៈពេល​ជាង​៣០​នាទី​ មិនឃើញ​ម្ចាស់​ម៉ូតូ​មក​យក​វិញ​ កម្លាំង​នគរបាល​របស់លោកបានយកម៉ូតូទាំង០៣គ្រឿង និង​មួក​សុវត្ថិភាព​ចំនួន​០៣​ នោះ​ទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជប់​វា​រី​ ។​

​ពាក់ព័ន្ធ​ករណី​នេះ​សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា​ ជា​ករណី​លួច​យក​មក​ប្លុង​ទុក​ចោល​ ឬ​យ៉ាងណា​ទេ​ ព្រោះ​មក​ទល់​នឹង​ថ្ងៃនេះ​ មិន​ទាន់​មាន​បណ្តឹង​ពី​រឿង​មាន​អ្នក​បាត់​ម៉ូតូ​នោះ​នៅឡើយ​តែកំពុងធ្វើការស្រាវជ្រាវនៅឡើយ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖