កាលពីថ្ងៃទី២៨ខែធ្នូ រដ្ឋសភាអាមេរិកបានអនុម័តសំណើបង្កើនប្រាក់ជំនួយកូវីដ-១៩ដល់ពលរដ្ឋពី៦០០ដុល្លារ ឡើងដល់២០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ រដ្ឋសភាអាមេរិក បានបោះឆ្នោតអនុម័តលើប្រាក់ជំនួយ ដោយទទួលបានសំឡេងគាំទ្រ ២៧៥ និងប្រឆាំង១៣៤។ ចំណុចដែលចាប់អារម្មណ៍នោះគឺសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ៤៤រូបគាំទ្រ។
ក្រោយការអនុម័តពីរដ្ឋសភា សំណើបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីអនុម័តបន្តទៀត។ ប្រសិនបើព្រឹទ្ធសភាអនុម័តនោះ គឺជាជោគជ័យ ដោយរង់ចាំតែប្រធានាធិបតីចុះហត្ថលេខា និឹងក្លាយជាច្បាប់ចំណាយមូលនិធិកូវីដ-១៩ ។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតិអាមេរិកដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងដល់ច្បាប់ជំនួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ហើយស្នើដល់រដ្ឋសភាកែទម្រង់ច្បាប់ដើម្បីផ្តល់ប្រាក់ដោយផ្ទាល់ដល់ពលរដ្ឋ ។ កាលពីថ្ងៃទី២៧ខែធ្នូ ប្រធានាធិបតីដូណាល់ ត្រាំ បានចុះហត្ថលេខា អនុម័តផ្តល់ជំនួយកូវីដ-១៩មានទឹកប្រាក់ដល់ទៅ២៣០០ពាន់លានដុល្លារ ។
លោកត្រាំបានប្រកាសថា«ខ្ញុំបាននិយាយទៅកាន់រដ្ឋសភាថា ខ្ញុំចង់ចំណាយច្រើនជាងនេះសម្រាប់ពលរដ្ឋអាមេរិក តាមរយៈការផ្តល់សែកសាច់ប្រាក់ ដោយផ្តល់ឲ្យមនុស្សចាស់២០០០ដុល្លារ និងក្មេង៦០០ដុល្លារ»។
សំណើដែលបានអនុម័តកាលពីថ្ងៃទី២៨ខែធ្នូ ដោយស្នើបង្កើនប្រាក់ជំនួយសម្រាប់ក្មេងៗពី ៦០០ ឡើងដល់២០០០ដុល្លារដើម្បីបំពេញការខ្វះខាត។ តាមច្បាប់ជំនួយ ពលរដ្ឋដែលមានចំណូលតិចជាង៧៥០០០ដុល្លារក្នុងមួយឆ្នាំ ឬពីរនាក់ប្តីប្រពន្ធមានចំណូលតិចជាង១៥០០០០ដុល្លារនឹងទទួលបានជំនួយខាងលើ៕
ដោយ៖ធី រីណា(រូបភាព៖ Getty Images)