ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទអាយហ្វូន១១ប្រូបានសម្រេច​ តែរត់មិនរួចត្រូវជនរងគ្រោះជិះបំបុកបណ្ដាលឲ្យដួលរបួស២នាក់ហេីយត្រូវជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងអង្គុយលើម៉ូតូនៅមុខហាងមួយកន្លែងបានសម្រេច​ ហើយព្យាយាមជិះរត់គេចខ្លួនត្រូវជនរងគ្រោះជិះដេញតាម​ រួចបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូមកចញ្ចេីមផ្លូវ​ បណ្ដាលឲ្យម្នាក់បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនិងម្នាក់ទៀតវាយខ្នោះយកទៅខណ្ឌចំការមន​ ។ 

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃអង្គារ​ ទី២៩​ ខែធ្នូ​ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣​ កែងនិងផ្លូវ៣១០​ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេង​ រាជធានីភ្នំពេញ​ ។ 

   ជនសង្ស័យទី១-ឈ្មោះ​ ហេង​ ភេទប្រុសអាយុ១៦ឆ្នាំ​ មុខរបរសិស្សជាអង្គុយខាងក្រោយជាអ្នកឆក់​ស្នាក់នៅម្ដុំផ្សារដើមថ្កូវ​ ខណ្ឌចំការមន។​

ជនសង្ស័យទី២:មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយដោយនិយាយមិនរួចរងរបួសធ្ងន់​ និងជាអ្នកឌុប។​

ចំណែកជនរងគ្រោះមានឈ្មោះ​ ហុង​ ស៊ីវលាំង​ ភេទប្រុស​ អាយុ២០ឆ្នាំ មុខរបររត់តុម្ដុំផ្សារបឹងកេងកង​ ខណ្ឌបឹងកេងកង។

  តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះអង្គុយលើម៉ូូតូរបស់ខ្លួនម៉ាកស្មាក់រ៉េវ៉ូពណ៌ខ្មៅលាយទឹកក្រូច​ ពាក់ស្លាកលេខភ្នំពេញ​ 1AM 4205 នៅមុខហាងមួយកន្លែងជិតរង្វង់មូលផ្សារដើមថ្កូវ​ ខណៈពេលនោះក៏លេចមុខជនសង្ស័យជាចោរឆក់២នាក់ជិះម៉ូតូវ៉េវ​ ពណ៌ទឹកក្រូចពាក់ស្លាកលេខ​ រាជការស៊េរីចាស់​ តាមពីក្រោយធ្វើសម្មភាពឆក់ទូរស័ព្ទរបស់គាត់ម៉ាកអាយហ្វូន១១ប្រូបានសម្រេច​ហេីយព្យាយាមជិះគេច​ តែជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានជិះបំបុកពីក្រោយប៉ើងទាំងម៉ូតូជនរងគ្រោះ​ និងជនសង្ស័យទៅមុខផ្ទះប្រជាពរដ្ឋបណ្ដាលឲ្យជនសង្ស័យជាអ្នកឌុបរងរបួសធ្ងន់បែកក្បាលហូរឈាមនិងម្នាក់ជាអ្នកឆក់រងរបួសបែកមុខមាត់ត្រូវសមត្ថកិច្ចវាយខ្នោះយកទៅអធិការដ្ឋានខណ្ឌចំការមន​ ដោយឡែកជនសង្ស័យដែលរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ​ ឯជនរងគ្រោះក៏ត្រូវក្បាលជង្គង់របួសស្រាលផងដែរ​ ។ 

    បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ដេីម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖