ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដី បំផ្លាញស្រុកមួយស្ទើរតែទាំងស្រុងនៅប្រទេសក្រូអាត

ចែករំលែក៖

ពលរដ្ឋក្រូអាត​បានរងទុក្ខដោយសារការឆ្លងកូវីដ​-១៩ ហើយនៅចុងឆ្នាំនេះស្ថានភាពបានល្អប្រសើរឡើងវិញបន្តិច ដោយពលរដ្ឋសង្ឃឹមថា នឹងទទួលស្វាគមន៍ឆ្នាំថ្មីដោយរីករាយ ។ ប៉ុន្តែជាអកុសល គ្រោះធម្មជាតិ​រញ្ជួយដីបានកើតឡើងនៅក្នុងប្រទេសនេះ ​បណ្តាលឲ្យផ្ទះសម្បែង បាក់ដួលរលំ ខ្ទេចខ្ទី មិនខុសអ្វីពីការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុននោះឡើយ។
ការរញ្ជួយដី មានកម្រិត​៦,៤រ៉ិចទ័រ​កើតឡើងនៅក្នុងស្រុក Petrinja ជិតទីក្រុង​Zagreb ប្រទេសក្រូអាត ។

តាមព័ត៌មានជាបឋម មានក្មេងស្រីម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ ។
នាយករដ្ឋមន្ត្រីក្រូអាត ​លោកAndrej Plenkovic បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា​«យើងទទួលបានព័ត៌មាន​ថា មានក្មេងស្រីម្នាក់ស្លាប់ និងរបួសជាច្រើននាក់»។ នៅពេលនេះនាយករដ្ឋមន្ត្រី​Andrej Plenkovic ​កំពុងតែធ្វើដំណើរទៅកាន់ទីតាំងរញ្ជួយដី​ ដើម្បីត្រួតពិនិត្យស្ថានភាពនិងជួយដល់ពលរដ្ឋរងគ្រោះ។
បណ្តាញទូរទស្សន៍​HRT​បានប្រកាសថា ស្រុក​Petrinja រងការបំផ្លាញស្ទើរតែទាំងស្រុង ។ មនុស្សជាច្រើនរងរបួស និងជាប់គាំងក្រោមគំនរអគារបាក់បែក។ ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលជាប់គាំងក្រោមអគារបាក់បែក​ឲ្យទាន់ពេលវេលា​។ កម្លាំងទាហាន រថយន្តសង្គ្រោះជាច្រើន បានទៅកាន់កន្លែងកើតហេតុ។
លោក​Darinko Dumbovic មន្ត្រីក្នុងតំបន់បានឲ្យដឹងថា «ស្រុករបស់យើងខ្ញុំរងការបំផ្លាញស្ទើរតែទាំងស្រុង។ មានមនុស្សស្លាប់និងរបួសជាច្រើន។ ស្ថានភាព​ដូចជា ការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា ដោយអ្វីគ្រប់យ៉ាងរងការបំផ្លាញ»៕

ដោយ៖ធី រីណា(រូបភាព៖Reuters )


ចែករំលែក៖