ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពចែកចាយរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ការឃាត់ខ្លួនជនសង្ស័យទាំងនេះគឺធ្វើឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្ត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ គឺជាអ្នករស់នៅក្នុងភូមិសាស្រ្តក្នុងស្រុកសាមគ្គីមានជ័យ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន១៣កញ្ចប់ ដែលក្រុមជនសង្ស័យបានលាក់ទុកធ្វើសកម្មភាព និង បានដកហូតដាវ១ដើមផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះគឺជាមុខសញ្ញាដែលសមត្ថកិច្ចតាមប្រម៉ាញ់ និងធ្វើការស្រាវជ្រាវយូរមកហើយ នៅថ្ងៃនេះ ដោយទទួលបាននូវព័ត៌មានស្តីពីសកម្មភាពប្រមូលផ្តុំរបស់ក្រុមជនសង្ស័យធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់ កម្លាំងសមត្ថកិច្ចជំនាញរបស់ស្រុកសាមគ្គីមានជ័យបានចុះឡោមព័ទ្ធចាប់បានតែម្តង ។ បច្ចុប្បន្នក្រុមជនសង្ស័យទាំង៦នាក់បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ចន្ថា