កាលពីថ្ងៃទី២៩ខែធ្នូ អង្គការជនភៀសខ្លួនបានឲ្យដឹងថា មានជនភៀសខ្លួនជិត២.២០០នាក់បានស្លាប់ ពេលធ្វើដំណើរតាមដែនសមុទ្រចូលទៅកាន់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០២០។ ភាគច្រើនជនភៀសខ្លួនជួបគ្រោះថ្នាក់ពេលធ្វើដំណើរឆ្ពោះទៅកាន់កោះCanary ។
អង្គការក្រៅរដ្ឋាភិបាល (NGO) ដែលបានតាមដានសកម្មភាពជនភៀសខ្លួន គឺអង្គការ Caminando Fronteras បានឲ្យដឹងថា ក្រុមជនភៀសខ្លួនបានព្យាយាមចូលទៅកាន់កោះCanary ដើម្បីបន្តដំណើរទៅកាន់អឺរ៉ុប ខណៈផ្លូវធ្វើដំណើរតាមដែនសមុទ្រ មេឌីទែរ៉ាណេត្រូវកម្លាំងទាហានយាមល្បាតយ៉ាងតឹងតែងបំផុត។
តាមតួលេខរបស់អង្គការ Caminando Fronteras បានប្រកាសនៅថ្ងៃទី២៩ខែធ្នូថា មានជនភៀសខ្លួនស្លាប់ដល់ទៅ២.១៧០នាក់ពេលព្យាយាមចូលទៅកាន់អេស្ប៉ាញក្នុងឆ្នាំ២០២០ គឺកើនឡើង៨៩៣នាក់ បើប្រៀបធៀបនិឹងឆ្នាំ២០១៩។
នៅក្នុងឆ្នាំ ២០២០ មានករណីលិចទូកដឹកជនភៀសខ្លួនចូលទៅកាន់កោះCanary ដល់ទៅ៤៥ករណី ។ កោះCanary មានចម្ងាយតែ១០០គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រ ប្រទេសម៉ារ៉ុក ជាការងាយស្រួលបំផុតសម្រាប់ឈ្មួញដឹកជនភៀសខ្លួនទៅកាន់អឺរ៉ុប។
លោកស្រី Helena Maleno សមាជិកអង្គការ Caminando Fronteras បានឲ្យដឹងថា ការណ៍ដែលជនភៀសខ្លួនស្លាប់ច្រើន ដោយសារតែកិច្ចសហប្រតិបត្តិការជួយសង្គ្រោះរបស់បណ្តាប្រទេសដូចជា អេស្ប៉ាញ Mauritania, Senegal និងប្រទេសម៉ារ៉ុក មិនមានប្រសិទ្ធភាព។
តាមតួលេខរបស់ក្រសួងមហាផ្ទៃអេស្ប៉ាញ ក្នុងរយៈពេលពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣០ខែវិច្ឆិកាមានជនភៀសខ្លួនសរុបដល់ទៅ ១៩.៥៦៦នាក់ចូលទៅកាន់កោះCanary។ ដោយចំនួនច្រើនលើសលប់បែបនេះ ទើបអេស្ប៉ាញបានជំរុញដល់បណ្តាប្រទេសទទួលយកជនភៀសខ្លួនឲ្យបានឆាប់បំផុត៕
ដោយ៖ធី រីណា