កាលពីយប់ថ្ងៃទី២៩ខែធ្នូ លោកLuke Letlowសមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋLouisianaលោក Luke Letlow បានស្លាប់ដោយកូវីដ-១៩ លោកជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។
តាមសារព័ត៌មានPolitico បានផ្សាយថា លោក Luke Letlow អាយុ៤១ឆ្នាំបានចូលមន្ទីរពេទ្យ ព្យាបាលកាលពីថ្ងៃទី១៨ខែធ្នូ ក្រោយលោកប្រកាសថា វិជ្ជមានកូវីដ-១៩ ។ លោកត្រូវបានព្យាបាលនៅក្នុងបន្ទប់ពិសេស ដោយត្រូវប្រើជំនួយដកដង្ហើមដោយអុកស៊ីហ្សែនក្នុងមន្ទីរពេទ្យOchesner LSU Health ក្នុងទីក្រុង Shreveport រដ្ឋ Louisiana ។
គ្រួសារលោកLuke Letlow បានឲ្យដឹងថា«គ្រួសារខ្ញុំអរគុណដល់ការបន់ស្រន់ និងការជួយជ្រោមជ្រែងក្នុងរយៈពេលដ៏លំបាកបំផុតនាពេលកន្លងមក ។ ពេលវេលារៀបចំពិធីបុណ្យសពនឹងប្រកាសនៅពេលក្រោយ។
លោកLuke Letlow ទើបតែជាប់ឆ្នោតតំណាងរាស្ត្រថ្មីហើយនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃ ទី៣ ខែមករា ឆ្នាំ២០២១។ អភិបាលរដ្ឋLouisiana លោក John Bel Edwards បានចូលរួមរំលែកទុក្ខដល់គ្រួសារតំណាងរាស្ត្រដែលស្លាប់ដោយកូវីដ-១៩។
បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ-១៩ចំនួន ១៩,៩៧លាននាក់ និងស្លាប់ជាង ៣៤៦ពាន់នាក់ ។ កន្លងមកអាមេរិកបានកំណត់គោលដៅចាក់វ៉ាក់សាំង ឲ្យបាន២០លាននាក់នៅក្នុងឆ្នាំ២០២០នេះ ប៉ុន្តែមកទល់ថ្ងៃនេះទើបតែចាក់បានជាង២លាននាក់ប៉ុណ្ណោះ គឺតិចជាងពីការគ្រោងទុក៕ដោយ៖ធី រីណា