ក្រោយការរញ្ជួយដីកម្រិត៦,៤ រុិចទ័រ សម្លាប់មនុស្ស៧នាក់ និងរងរបួសរាប់សិបនាក់ ក្នុងទីក្រុង Sisak ប្រទេស Croatiaមក ពេលនេះប្រទេសមួយនេះបានរងការរញ្ជួយដីពីរលើកផ្សេងទៀត មានកម្រិត៤,៨ និង ៤,៧ រុិចទ័រ ស្ថិតនៅក្នុងស្រុក Petrinja ក្នុងទីក្រុង Zabreb ភាគខាងត្បូងនៃប្រទេស ។
ការរញ្ជួយដីពីរលើកថ្មី កើតឡើងនៅព្រឹកថ្ងៃទី៣០ខែធ្នូ ហើយមកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនៅឡើយទេ។ ចំណែកការរញ្ជួយដីកាលពីថ្ងៃទី២៩ខែធ្នូបានសម្លាប់មនុស្ស៧នាក់និងរងរបួសជាច្រើននាក់។
ជាមួយគ្នានេះដែរ មន្ត្រីសហគមន៍អឺរ៉ុប ទទួលបន្ទុកដោះស្រាយវិបត្តិ លោកJanez Lenarcic នឹងទៅកាន់ស្រុកPetrinja នៅល្ងាចថ្ងៃទី៣០ខែធ្នូ ដោយនាំជំនួយជាបន្ទាន់ទៅជួយដល់ពលរដ្ឋក្រូអាតរងគ្រោះ។
គ្រោះរញ្ជួយដីធ្វើឲ្យពលរដ្ឋក្រូអាតរស់នៅក្នុងស្ថានភាពកាន់តែលំបាកដោយត្រូវទៅរស់នៅក្នុងតំបន់បណ្តោះអាសន្ន ខណៈកូវីដ-១៩ នៅតែឆ្លងរាលដាលយ៉ាងខ្លាំងក្នុងប្រទេសនេះ។ ក្រូអាតស្ថិតនៅលំដាប់ទី១៩ ក្នុងតំបន់អឺរ៉ុប ដែលមានចំនួនអ្នកឆ្លងកូវីដច្រើនជាងគេ។ គិតមកទល់ពេលនេះ ក្រូអាតមានករណីឆ្លងកូវីដ-១៩ ដល់ទៅជាង 206.596នាក់ និងស្លាប់3.795នាក់៕
ដោយ៖ធី រីណា