ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានដ្ឋានប្រទេសយេម៉ែនរងការវាយប្រហារក្នុងពេលយន្តហោះនាយករដ្ឋមន្ត្រីចុះចត

ចែករំលែក៖

មានមនុស្ស ២២នាក់ស្លាប់ និងជាង​៥០នាក់រងរបួសនៅក្នុងករណីវាយប្រហារទៅលើអាកាសយានដ្ឋានទីក្រុង Aden ប្រទេសយេម៉ែន​។ ការវាយប្រហារនេះចំពេលដែលយន្តហោះដឹកនាយករដ្ឋមន្ត្រីAbdulmalik និងគណៈរដ្ឋមន្ត្រីចុះចតភ្លាម។
នៅលើយន្តហោះ​ មាននាយករដ្ឋមន្ត្រី​Abdulmalik និងគណៈរដ្ឋមន្ត្រីទាំងអស់​ដែលទើបតែតែងតាំង​។ ក្រៅពីនេះរួមមានឯកអគ្គរដ្ឋទូត​ប្រទេសអារ៉ាបីសាអ៊ូឌីត គឺលោកMohammed Said al-Jaber ផងដែរ ។ ប៉ុន្តែនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្នុងជួុររដ្ឋាភិបាល មិនមានអ្នកស្លាប់ឬរងរបួសក្នុងការវាយប្រហារនោះឡើយ​។ នាយករដ្ឋមន្ត្រី​ Abdulmalik បានបង្ហោះសារលើបណ្តាញសង្គមTwitterថា លោក​និងគណៈរដ្ឋមន្ត្រីព្រមទាំងឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីតបានបញ្ជូនទៅកាន់វិមានប្រធានាធិបតីដោយសុវត្ថិភាព។ នាយករដ្ឋមន្ត្រីAbdulmalik បញ្ជាក់ថា​«នោះជាសកម្មភាព​របស់ជនថោកទាប​​ដែលវាយប្រហារទៅលើអាកាសយានដ្ឋាន​។ ទាំងនោះជាសកម្មភាព​ប្រឆាំងរដ្ឋាភិបាលនិងពលរដ្ឋយេម៉ែន។
ក្រោយពេលមន្ត្រីរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីបានបញ្ជូនទៅដល់ វិមានប្រធានាធិបតី ក៏មានករណីផ្ទុះជាច្រើនកើតឡើង ។ សម្ព័ន្ធយោធា​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថា មានយន្តហោះគ្មានមនុស្សបើកផ្ទុកគ្រាប់រំសេវរបស់ក្រុមហ៊ូធី ត្រូវបានបាញ់ទម្លាក់នៅអាកាសយានដ្ឋានទើបបណ្តាលឲ្យផ្ទុះខ្លាំងបែបនេះ។
ឧបការីអង្គការសហប្រជាជាតិប្រចាំនៅប្រទេសយេម៉ែន និងប្រទេសតំបន់អារ៉ាប់​បានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារខាងលើ​។ រដ្ឋាភិបាលបានទម្លាក់កំហុសទៅលើក្រុមឧទ្ទាមហ៊ូធីជាអ្នកវាយប្រហារ។
រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី Abdulmalik ទើបតែស្បថចូលកាន់តំណែងកាលពីសប្តាហ៍កន្លងមក ក្រោយមានកិច្ចព្រមព្រៀងនយោបាយជាមួយប្រធានាធិបតី Abdrabbuh Mansur Hadi និងប្រធានក្រុមបះបោរ STC ៕

ដោយ៖ធី រីណា(រូបភាព៖Reuters)


ចែករំលែក៖