ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរ ៤នាក់ ជិះរថយន្តតាមប្លន់ម៉ូតូបានសម្រេច តែចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឧដុង្គ បានឃាត់ខ្លួនក្រុមចោរប្លន់៤នាក់ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ក្រោយពួកគេធ្វើសកម្មភាពជិះរថយន្ត និងម៉ូតូ ដេញវាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច រួចគេចខ្លួនបាត់មួយថ្ងៃ

បើតាមមន្រ្តីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមចោរប្លន់ទាំង៤នាក់នេះរួមមាន៖ ទី១ឈ្មោះ ខេង សេងហាក់, ទី២ឈ្មោះ ខៃ វ៉ាត,ទី៣ឈ្មោះអឿន ពិសិដ្ឋ និងទី៤ឈ្មោះ ទឹម ផល្លា ពួកគេ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅចំណុចផ្ទះឈ្មោះ ទឹម ផល្លា ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងដកហូតបានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញF-០០៩២ ជារបស់ជនសង្ស័យ។

មន្រ្តីដដែលបន្តថា ក្រុមចោរប្លន់ទាំងនេះ បានធ្វើសកម្មភាពដោយជិះឡាននិងម៉ូតូ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៉ីគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ HP-៧៧៣៩ នៅចំណុចស្រុកឧដុង្គកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖សហការី


ចែករំលែក៖