ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីកំពុងដំណើរការជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន១៦ខ្សែនៅខណ្ឌដូនពេញដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង បាននិងកំពុងជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន១៦ខ្សែនៅក្នុងមូលដ្ឋានខណ្ឌដូនពេញដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងដើម្បីជាការលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានសម្រស់មួយកម្រិតថែមទៀតផងដែរ។

     ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី២៩ធ្នូនេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះពិនិត្យដំណើរការនៃការជួសជុលកែលម្អនៅផ្លូវលេខ៥១ ចាប់ពីផ្លូវលេខ១១៤ ដល់វិថីព្រះសីហនុនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណៈដែលក្រុមការងារកំពុងតែអ៊ុតកៅស៊ូACលើបណ្តោយផ្លូវនេះ ។

     ក្នុងឱកាសនោះលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍លើកឡើងថា សកម្មភាពជួលជុលផ្លូវលេខ៥១ ដោយចាប់ពីផ្លូវលេខ១១៤ ដល់វិថីព្រះសីហនុនេះជាផ្លូវមួយក្នុងចំណោមផ្លូវទាំង១៦ខ្សែក្នុងខណ្ឌ ដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យធ្វើការជួសជុលកែលម្អឡើងវិញជាបន្ទាន់ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

 ក្នុងនោះលោកសុខ ពេញវុធ ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឃួង ស្រេង អភិបាលរាជធានីដែលបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញរាល់ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយលោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលកំពុងតែដំណើរការជួសជុលនេះសូមចូលរួមសហការ ដើម្បីឱ្យការដ្ឋានប្រព្រឹត្តទៅដោយរលូននិងបានហើយរួចរាល់តាមការគ្រោងទុក។

  ចំណែកលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញវិញបានធ្វើការណែនាំដល់ក្រុមការងារជួសជុលនិងចាក់អ៊ុតកៅស៊ូផ្លូវត្រូវធ្វើឱ្យមានគុណភាពល្អនិងស្តង់ដារតាមលក្ខណៈបច្ចេកទេសហើយក៏សំណូមពរដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែលកំពុងជួសជុលទាំងអស់សូមមេត្តាយោគយល់និងអធ្យាស្រ័យក្នុងការបិទផ្លូវក្នុងរយៈពេលខ្លីដែលរំខានដោយការដ្ឋានជួសជុលផ្លូវខាងលើនេះ។

     បើតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថគម្រោងជួសជុលផ្លូវខូចខាតឡើងវិញដោយសារជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានចំនួន១៦ខ្សែ នៅក្នុងនោះរួមមាន៖ ទី១- ផ្លូវលេខ២១៤ ដោយចាប់ពីមហាវិថីព្រះមុនីវង្សរហូតដល់ផ្លូវលេខ១៩ ។  ទី២- មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំរហូតដល់វិមានឯករាជ្យ ។ ទី៣-ផ្លូវលេខ១៣០ ចាប់ពីផ្សារធំថ្មីរហូតដល់មហាវិថីព្រះនរោត្តម។ ទី៤- ផ្លូវលេខ៥៣ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវលេខ១១០ ។  ទី៥-ផ្លូវលេខ១០៨ ចាប់ពីមហាវិថីព្រះមុនីវង្សរហូតដល់មហាវិថីព្រះស៊ីសុវត្ថិ។ ទី៦-ផ្លូវលេខ១១៨ ចាប់ពីមហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះស៊ីសុវត្ថិ ។ទី៧-ផ្លូវលេខ១២០ ចាប់ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ ១១៨ ។ទី៨-ផ្លូវលេខ១៣ ចាប់ពីមហាវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ ១៧៨ ។ទី៩- ផ្លូវលេខ៩០ចាប់ពីផ្លូវលេខ៤៧ រហូតដល់មហាវិថីព្រះស៊ីសុវត្ថិ ។ ទី១០- ផ្លូវលេខ១៨៤ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៩ ។ទី១១- រង្វង់មូលកួចកាណុង។ទី១២- ផ្លូវលេខ៧២ ចាប់ពីរង្វង់មូលកួចកាណុង ដល់មហាវិថីព្រះស៊ីសុវត្ថិ។ទី១៣-ផ្លូវលេខ៧៤ចាប់ពីរង្វង់មូលកួចកាណុងដល់មហាវិថីព្រះស៊ីសុវត្ថិ។ទី១៤- ផ្លូវលេខ ៧៦ ចាប់ពីមហាវិថីព្រះមុនីវង្សរហូតដល់ ផ្លូវលេខ៤៧ ។ទី១៥-ផ្លូវលេខ៤៧ចាប់ពីរង្វង់មូលកួចកាណុងដល់រង្វង់មូលវត្តភ្នំ។ ទី១៦-ផ្លូវលេខ៥១ ចាប់ពីផ្លូវលេខ១១៤ ដល់មហាវិថីព្រះសីហនុ ៕

ដោយ៖សំរិត


ចែករំលែក៖