ខេត្តស្វាយរៀង៖ លោកជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងបានអំពាវនាវដល់លោកតាលោកយាយត្រូវចេះថែទាំសុខភាពជាចម្បងនិងធ្វើអនាម័យជាប្រចាំដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩។
ការអំពាវនាវបែបនេះធ្វើឡើងនៅព្រឹក ថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយ ដល់ជនចាស់ជរាទីទ័លក្រខ្វះខាត៥គ្រួសារស្ថិតនៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀងនៅសាលាសង្កាត់។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកជូ សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់, លោកអភិបាលក្រុង, លោកស្រីចៅសង្កាត់និងក្រុមការងារមួយចំនួនផងដែរ។
លោកជុក មុន្នីបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
ជូនចំពោះលោកតាលោកយាយទាំង៥គ្រួសារដោយសម្ដេចមិនទុកឱ្យអ្នកណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ ពិសេសក្នុងកាលៈទេសៈដែលតំបន់មួយចំនួននៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយដល់ប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ផងដែរ ។
ទន្ទឹមនឹងនេះ លោកក៏បានបន្ដអំពាវនាវដល់លោកតាលោកតាយាយទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះកាចដែលអាចកើតឡើងជាយថាហេតុ ។
សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតយើងនិងការរក្សាអនាម័យ ការពារទប់ស្កាត់នូវជំងឺកូវីដ-១៩ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាករូស ឬជំងឺរាតត្បាតនានា ៕
ដោយ៖ យឹម សុថាន