សាធារណរដ្ឋកូរ៉េ៖ ឥឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោកឡុង ឌីម៉ង់នៅព្រលប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា, អភិបាលក្រុង Seongnam លោកស្រី Eun Su-mi គឺជាស្ត្រីជើងខ្លាំងមួយរូបដែលធ្លាប់ជាអ្នកតំណាងរាស្ត្រ និងជាស្ត្រីទីមួយដែលកាន់តំណែងជាអភិបាលក្រុងដំបូងគេ ដោយមានប្រវត្តិជាសកម្មជនតស៊ូដើម្បីសិទ្ធិមនុស្ស លើកតម្កើងសិទ្ធិស្ត្រី សិទ្ធិជនអន្តោប្រវេសន៍ ព្រមទាំងមានជំនាញជាអ្នករៀបចំគោលនយោបាយសង្គមកិច្ច។
លោកបានបញ្ជាក់ទៀតថា, ជាស្ត្រីដែលមានភាពជាអ្នកដឹកនាំ ម៉ឺងម៉ាត់ និងទន់ភ្លន់សុភាពរាបសា បានអង្គុយស្ដាប់ខ្ញុំបរិយាយពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងកូរ៉េ រវាងប្រជាជនយើងទាំងពីរ និងទទួលស្ដាប់នូវបញ្ហាប្រឈមផ្សេងទៀតដែលប្រជាពលរដ្ឋខ្មែររស់នៅ ធ្វើការ រៀនសូត្រនៅកូរ៉េនេះជួបប្រទះ ដើម្បីរកដំណោះស្រាយឲ្យមានលក្ខណៈល្អប្រសើរឡើង យ៉ាងយកចិត្តទុកដាក់ និងកត់ត្រាគ្មានសល់ចន្លោះ។
ឯកអគ្គរដ្ឋទូតកម្ពុជាបានលើកឡើងថា, យើងទាំងពីរនាក់បានឯកភាពទៅលើចំណុចពិភាក្សាទាំងអម្បាលម៉ានដែលខ្ញុំបានលើក ហើយលោកស្រីពិចារណាដោះស្រាយឆ្លើយតបក្នុងពេលឆាប់ៗ។
ទីក្រុងសង់ណាំ ជាក្រុងមួយដែលមានប្រជាជនមួយលាននាក់ ជាប់ទីក្រុងសេអ៊ូល និងសំបូរទៅដោយក្រុមហ៊ុនបច្ចេកវិទ្យា IT ជាច្រើនរួមមាន Naver ជាដើម។ លោកស្រីបានឆ្លើយតបនឹងសំណើរបស់ខ្ញុំ ដោយសុំឲ្យនិស្សិតខ្មែរយើងបានចូលរួមធ្វើកម្មសិក្សាក្នុងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះ។ លោកស្រីនឹងខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីខ្មែរយើង ជួយគាំទ្រគម្រោងរបស់ស្ថានទូតកម្ពុជាដែលនឹងសហការជាមួយមជ្ឈមណ្ឌលគាំពារគ្រួសារពហុវប្បធម៌សង់ណាំ ក្នុងការជួយបង្ហាត់បង្រៀនស្រ្តីខ្មែរពីសីលធម៌ និងវិធីធ្វើម្ហូបខ្មែរ បង្រៀនភាសាខ្មែរដល់កូនខ្មែរកាត់កូរ៉េ ហើយលោកស្រីនឹងពិចារណាចងសម្ព័ន្ធមេត្រីភាព រវាងសង់ណាំជាមួយខេត្តណាមួយរបស់កម្ពុជាយើង ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំនៃសាមគ្គីភាពរវាងប្រជាជននិងប្រជាជន ដោយផ្តោតលើការគ្រប់គ្រងប្រព័ន្ធទីក្រុងឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធចរាចរណ៏ ប្រព័ន្ធលូបង្ហូរជាដើម៕
ដោយ៖សិលា