ព័ត៌មានទាន់ហេតុការណ៍៖

គួរស្វែងយល់ពីក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក, ហេតុអ្វីសម្តេចតេជោបញ្ជាដកហូតដី៣០ហិកតានៅបឹងតាមោកត្រឡប់មកវិញ, ឬមួយមានមន្ត្រីកន្ទេលធំបន្លំដេក ?

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចេញបទបញ្ជាឱ្យដកហូតដី៣០ហិកតានៅបឹងតាមោកត្រឡប់មកវិញ និងបញ្ឈប់ការដោះដូរដីទីតាំងក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយនឹងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក។

តាមរយៈហ្វេសប៊ុកមួយ ដែលយើងអាចសន្និដ្ឋានបានថា គាត់ដឹងនៅក្នុងរឿងនេះ ក៏បានសរសេរបញ្ចេញមតិប្រកបដោយស្មារតីតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយលើកឡើងជាយោបល់ថា, ដំណឹងដែលបែកធ្លាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ នាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះសាធារណមតិដែលកំពុងចាប់អារម្មណ៍លើសកម្មភាពអភិវឌ្ឍន៍លើដីបឹងតាមោក។

ហ្វេសប៊ុកដដែលនេះបានបន្តថា, ទន្ទឹមនឹងការភ្ញាក់ផ្អើល ក៏មានការងឿងឆ្ងល់លើរឿងនេះផងដែរថា តើអ្វីទៅនៅពីក្រោយនៃការសម្រេចរបស់សម្តេចតេជោ ក្នុងការលុបរឿងដោះដូរដីស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននេះ?

អ្នកខ្លះគេបានគិតថា ការប្រកាសលុបរបស់សម្តេចតេជោ ហ៊ុន សែន ព្រោះរឿងប្រតិកម្មលើសកម្មភាពលុបបឹងតាមោក។ តែសម្រាប់ខ្ញុំបែរជាមិនយល់ដូចនោះឡើយ គឺយល់ថា ការសម្រេចរបស់សម្តេចតេជោ គឺពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការដោះដូរដីស្ថាប័នរដ្ឋ ជាមួយក្រុមហ៊ុនឯកជនទៅវិញទេ។ កន្លងមកសម្តេចតេជោ ធ្លាប់បានហាមប្រាមផងដែរ រឿងដោះដូរដីស្ថាប័នរដ្ឋដែលមិនប្រក្រតីនេះ។

ដល់ត្រង់នេះ គេត្រូវទៅស្វែងរកមើលថា តើ «ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក» ជារបស់នរណាគេ ទើបមានអានុភាពខ្លាំងក្នុងការរត់ការដោះដូរជាមួយដីក្រសួង និងស្ថាប័នរដ្ឋខាងលើ? ក្រុមហ៊ុនដែលអាចដោះដូរដីស្ថាប័នរដ្ឋបាន គឺមានអនុភាពមិនធម្មតានោះឡើយ។ តែក្នុងរឿងនេះប្រហែលជាត្រូវខកចិត្តមិនស្ទើរនោះឡើយ ក្រោមទម្ងន់កណ្តាប់ដៃដែករបស់តេជោសែន។

ក្នុងរឿងនេះ គេក៏បានពិនិត្យឃើញពីការប្រព្រឹត្តសកម្មភាពក្រោមពាក្យខ្មែរថា «កន្ទេលធំបន្លំដេក» របស់មន្ត្រីខ្មែរផងដែរ។ តើមន្ត្រីណាខ្លះទៅដែលពាក់ព័ន្ធក្នុងរឿងនេះ?

មន្ត្រីដឹងថា មួយរយៈនេះរាជរដ្ឋាភិបាល កំពុងយកផ្ទៃបឹងតាមោកមួយចំនួន ដើម្បីសាងសង់អគាររបស់ក្រសួងស្ថាប័នរដ្ឋ ដូច្នេះក៏ឆ្លៀតទម្លាក់គម្រោងមួយចំនួនទៅក្នុងគម្រោងដីបឹងតាមោកដែរ ដូចករណីខាងលើអ៊ីចឹង។ ដូច្នេះយើងអាចនិយាយថាជាសកម្មភាព «កន្ទេលធំបន្លំដេក» ដែរទេ?

តាមរយៈរឿងនេះ បានផ្តល់ជាមេរៀន ការក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធថា ការដែលសម្តេចតេជោ ផ្តល់តួនាទីភារកិច្ច គឺដើម្បីជួយសម្តេចក្នុងការគ្រប់គ្រងដឹកនាំរាជរដ្ឋាភិបាល។ មិនមែនមកចាំបន្លំ និងបង្កើតរឿងឱ្យគេទូងសម្តេច និងរាជរដ្ឋាភិបាលនោះឡើយ។

ក្នុងករណីរឿងនេះ បើសម្តេចតេជោ មិនខ្លាំង មិនឈ្លាសវៃ ឬដេញជើងមន្ត្រីមិនទាន់ទេ ប្រហែលជាត្រូវមន្ត្រី និងក្រុមហ៊ុនឯកជនធ្វើស៊ីដីក្រសួងស្ថាប័នរដ្ឋចំណេញមិនតិចទេ។

គេថាខ្ញីកាន់ចាស់កាន់តែហឹរ! សម្តេចតេជោ​ គ្រប់គ្រង និងដឹកនាំប្រទេសនេះជាង ៤០ឆ្នាំហើយ មិនងាយស្រួលធ្វើស៊ីនោះទេ។

ខ្ញុំតែងតែនិយាយថា «លុយ» ពិតជាសំខាន់ហើយសម្រាប់ជីវិតមនុស្សក្នុងសង្គមដែលចាយលុយ។ តែយើងមិនត្រូវឱ្យលុយមានតម្លៃថ្លៃលើសគុណតម្លៃជាមនុស្សរបស់យើងនោះទេ។ បើបណ្តោយឱ្យតម្លៃគ្របយើង ថ្ងៃណាមួយយើងនឹងអស់ប្រែអស់តម្លៃ ព្រោះលុយវាបានថ្លៃជាងទៅហើយ។

ជាចុងក្រោយម្ចាស់ហ្វេសប៊ុកក៏សូមគោរពអរគុណសម្តេចតេជោ ដែលបានជួយដាស់ស្មារតីមន្ត្រី និងក្រុមហ៊ុនឯកជនមិនឱ្យធ្វើតាមទំនើងចិត្ត។

មកដល់ពេលនេះប្រហែលជាក្រុមមន្ត្រី(កន្ទេលធំបន្លំដេក) ដែលរួមគំនិតគ្នាជាមួយ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក, ព្រលឹងចុងសក់ផងដែរ ខណ:ក្រុមមន្ត្រី(កន្ទេលធំបន្លំដេក)លុយក៏បង់ ថង់ក៏ដាច់ ហើយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក,នេះក៏ក្អួតឈាមដែរ សង្ឃឹមទទួលលាភធំ ចុងក្រោយលិតអំបិលក្នុងពាងទៅវិញ, ! 

ត្រូវចងចាំថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ម៉ត់ចត់បំផុត ក្នុងការដឹកនាំប្រកបដោយតម្លាភាព ធ្វើឲ្យប្រទេសជាតិសុខសន្តិភាព រីកចម្រើន និងយុត្តិធម៌សង្គម៕

ដោយ៖សិលា


ចែករំលែក៖