ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ~ ៧ មករា ២០២១

ចែករំលែក៖

ភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជា ឈ្មោះដើមជាសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការចូលរួមរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតទទួលបានជោគជ័យនាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ សូមសម្តែងការដឹងគុណកតញ្ញុតាធម៌ ចំពោះវីរយុទ្ធជនខ្មែរ និងសូមអបអរសាទរខួបលើកទី ៤២ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ។

ទិវា ៧ មករា នេះ កើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ពីការតស៊ូ ពីពលិកម្មដ៏ក្លាហាន និងបានយកជីវិតជាដើមទុនរបស់អតីតយុវជនកម្ពុជាក្នុងស្មារតី ២ធ្នូ បានក្រោកឡើងតស៊ូរំដោះ ដើម្បីសង្គ្រោះប្រជាជនកម្ពុជា ដោយការបូជាសាច់ស្រស់ ឈាមស្រស់ តស៊ូធ្វើពលិកម្មដ៏ក្លាហាន និងបានយកជីវិតជាដើមទុនដើម្បីសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី០៧​ មករា ១៩៧៩។

ក្នុងនាមយុវជនជំនាន់ក្រោយដែលយល់យ៉ាងច្បាស់ពីសច្ចធម៌ប្រវត្តិសាស្រ្ត ស.ស.យ.ក. សូមឆ្លៀតឱកាសក្នុងខួប លើកទី៤២ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមនេះ ក្នុងការកោតសសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានងើបពីចំណុចសូន្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតសម្រេចបានសមិទ្ធផលគ្រប់វិស័យក្នុងរយៈពេល ៤២ឆ្នាំកន្លងមក បន្ថែមពីលើនោះ សមិទ្ធផលថ្មីៗ បាន និងកំពុងសម្រេចដោយជោគជ័យជាបន្តបន្ទាប់ រួមទាំងការបង្ការការរីករាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា រហូតដល់ពេលនេះ និងជាពិសេសនាដំណាក់កាលចុងក្រោយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺការសម្រេចបាននូវការផ្តើមផលិតកម្មប្រេងតំណក់ដំបូងនៅកម្ពុជា។

ក្រុមគ្រួសារស.ស.យ.ក. សូមប្តេជ្ញាការពារសនិ្តភាព និងសមិទ្ធផលដែលសម្រេចបានរបស់អតីតយុវជនយើង និងប្រឹងប្រែងឲ្យអស់សមត្ថភាពក្នុងការជួយជំរុញវឌ្ឍនភាពសង្គមជាតិលើគ្រប់វិស័យ ជាពិសេសតាមរយៈបេសកកម្មរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយទាំងសមត្ថភាព សាមគ្គីភាព និងមនសិការជាតិ ឲ្យក្លាយជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។

#អរគុណសន្តិភាព
#ស្មារតី៧មករាជាអមតៈ

ដោយ៖សុខ ខេមរា


ចែករំលែក៖