ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរឥណ្ឌូនេស៊ី​ ជម្លៀសមនុស្សជាង៥០០នាក់​ រស់នៅក្បែរតំបន់ភ្នំមើរ៉ាពី ខណៈភ្នំភ្លើងផ្ទុះជះផេះ និងផ្សែងពេញអាកាស

ចែករំលែក៖

    អន្តរជាតិ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧ខែមករាឆ្នាំ២០២១នេះអាជ្ញាធរឥណ្ឌូនេស៊ីសម្រេចបង្ខំជម្លៀសប្រជាជនជាង ៥០០នាក់ ដែលរស់នៅតាមជើងភ្នំមើរ៉ាពី (Merapi) ទៅរកកន្លែងមានសុវត្ថិភាព ខណៈភ្នំភ្លើងមើរ៉ាពី(Merapi) ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានជះកម្អែរផេះផ្សែង និងកម្ដៅឡើងលើផ្ទៃអាកាស។

បើយោងតាមសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករានេះបានចុះផ្សាយថាអ័ព្ទកំពុងគ្របដណ្តប់លើភ្នំភ្លើងនៅពេលនោះ ដូច្នេះកម្អែរផេះដ៏ក្ដៅគគុក ដែលកំពុងតែជះចេញមកនោះ មិនត្រូវបានគេមើលឃើញឡើយ។

បេីតាមប្រធានទីភ្នាក់ងារស្រាវជ្រាវ និងគ្រប់គ្រងគ្រោះ មហន្តរាយ លោកHanik Humaida បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា«រហូតមកទល់ពេលនេះ គ្រោះថ្នាក់ដែលអាចកើតមានឡើង មិនលើសពី៥គីឡូម៉ែត្រទេ»មិនតែប៉ុណ្ណោះទីភ្នាក់ងារស្រាវជ្រាវ និងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានប៉ាន់ស្មានថា កម្អែរផេះដែលជះចេញពីរណ្ដៅភ្នំភ្លើងនោះ បានរាលដាលតិចជាង ១គីឡូម៉ែត្រ។

ដោយឡែកក្នុងហេតុការណ៍នេះនៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរមូលដ្ឋានបានជម្លៀសប្រជាជនជាង ៥០០នាក់ដែលរស់នៅតាមជើងភ្នំដែលស្ថិតនៅក្នុងស្រុកម៉ាឡេឡេង (Magelang) នៃកោះជ្វា (Java) អាជ្ញាធរមូលដ្ឋានបានបង្កើនកម្រិតប្រកាសអាសន្ននៅតាមជើងភ្នំ Merapi ដល់កម្រិតខ្ពស់បំផុតទី២ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីឧបករណ៍ចាប់សញ្ញា បានបង្ហាញឲ្យឃើញថា ភ្នំភ្លើងនេះបានបង្កើនសកម្មភាពយ៉ាងខ្លាំងដែលពេលនោះ ដំណើរទេសចរណ៍ និងដំណើររុករករ៉ែ ក៏ត្រូវបានផ្អាកផងដែរ។

សូមជម្រាបថាភ្នំភ្លើង Merapiនេះ ដែលមានកម្ពស់ប្រមាណ ,៩៦៨ម៉ែត្រនេះ គឺមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីកណ្ដាលទីក្រុងនៃខេត្ត យ៉ូកយ៉ាការតា (Yogyakarta)

គួរបញ្ជាក់ថាបើតាមអាជ្ញាធរនៅតាមតំបន់ជុំវិញនោះបានបញ្ជាក់ថាប្រជាជនប្រមាណមួយភាគបួនលាននាក់ រស់នៅក្នុងចម្ងាយប្រមាណ១០គីឡូម៉ែត្រពីភ្នំភ្លើងនេះ៕ដោយ៖សតារា

រូបភាព៖(Antara Photo/Rudi)


ចែករំលែក៖