ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិន បើករថយន្តប៉ះរថយន្តគេព្យាយាមបើករត់ទៅបុកបង្គោលស្លាកសញ្ញាក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិន បានបើករថយន្តយ៉ាងលឿន ជ្រុលទៅប៉ះនឹងរថយន្តមួយគ្រឿងទៀត មិនចុះដោះស្រាយទេបានព្យាយាមបើករត់បានរេចង្កូតទៅបុកស្លាកសញ្ញា បាក់អស់១ ដើម បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ អ្នកបើកបររត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅម៉ោង ២ និង ៤៥ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AD-0027 ធ្វើដំណើរតាមបណ្តោយផ្លូវ ណតប្រ៊ីត ក្នុងទិសដៅពីជើងមកត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅប៉ះនិងរថយន្តតូយ៉ូតាព្រូស មិនចាំស្លាកលេខ រួចបន្តបើករត់បានរេចង្កូត ទៅបុកបង្គោលដាក់ស្លាកសញ្ញាបណ្តាលឲ្យបាក់អស់១ដើម បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃចំណែកអ្នកបើកបរបានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកស្ទូចរថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ជ្រោយពេជ្រ


ចែករំលែក៖