ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលសម្ងាត់នៅឆ្នេរនៃឈូងសមុទ្រពែក្ស

ចែករំលែក៖

នៅថ្ងៃទី៨ ខែមករា ឆ្នាំ​២០២១ កម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់​(IRGC)បានបង្ហាញជាសាធារណៈនូវទីតាំងកាំជ្រួចមីស៊ីលដ៏សម្ងាត់របស់ខ្លួនស្ថិតនៅក្រោមដី​​ នៅឆ្នេរសមុទ្រពែក្ស (Persian)។
សារព័ត៌មានរុស្ស៊ី RT ​បានផ្សាយថា មូលដ្ឋានមីស៊ីលនៅក្រោមដី​ស្ថិតក្រោមការគ្រប់គ្រង​របស់កម្លាំងទាហានជើងទឹកនៃកម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់​។ រូបភាពនិងឃ្លីបវីដេអូ បង្ហាញឲ្យឃើញថា មន្ត្រីយោធាជាន់ខ្ពស់អុីរ៉ង់​បានទៅត្រួតពិនិត្យទីតាំងកាំជ្រួចមីស៊ីលខាងលើ​។ តាមរូបភាព គឺមានមីស៊ីលជាច្រើនប្រភេទ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺ​នៅលើទីធ្លាមានរូបទង់ជាតិអាមេរិកនិងអុីស្រាអែល ដែលជារូបសញ្ញាប្រាប់ថា មីស៊ីលទាំងនោះទុកសម្រាប់វាយប្រហារ អាមេរិកនិងអុីស្រាអែល។
តាមឃ្លីបវីដេអូ​បង្ហាញឲ្យឃើញថា នៅរូងក្រោមដីមានទំហំធំអាចឲ្យរថយន្តធុនធំពីរគ្រឿងចៀសគ្នាបាន ។ ជាមួយគ្នានោះក៏មានរថយន្តជើងទម្រមីស៊ីល​ ​ជាច្រើន រួមទាំងរថពាសដែកផងដែរ​។
អគ្គមេបញ្ជាការកងទ័ពបដិវត្តន៍អ៊ិស្លាមអុីរ៉ង់​ លោក Hossein Salami បានទៅសម្ពោធមូលដ្ឋានមីស៊ីលថ្មី ។ លោក​Hossein Salamiបានប្រកាសថា «នេះជាមូលដ្ឋានមីស៊ីលសម្រាប់កម្លាំងទាហានជើងទឹកនៃកម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ IRGC។ មីស៊ីលទាំងនោះនឹងជួយការពារដែនអធិបតេយ្យរបស់អុីរ៉ង់​បានយ៉ាងល្អ»។
ការបង្ហាញមូលដ្ឋានមិស៊ីលសម្រាប់ទាហានជើងទឹក កើតឡើងចំពេលដែលអុីរ៉ង់និងអាមេរិក​កំពុងតែតានតឹងខ្លាំងឡើង ពិសេសក្នុងពេលអាមេរិកស្ថិតនៅក្នុងវិបត្តិនយោបាយ បាតុកម្មវាយប្រហារវិមានរដ្ឋសភា​។ ការបង្ហាញមូលដ្ឋានមីស៊ីលគឺចង់បញ្ជាក់ថា ប្រទេសអ៊ិស្លាមមួយនេះមានសមត្ថភាពគ្រប់គ្រាន់មិនចុះញ៉មអាមេរិកនោះឡើយ៕

ដោយ៖ធី រីណា(រូបភាព៖Tasnim News)


ចែករំលែក៖