ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿន គេចពីម៉ូតូសណ្តោងរ៉ឺម៉កជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយព្យាយាមបើកគេចខ្លួនតែត្រូវសមត្តកិច្ចឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-9346 តាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានគេចពីម៉ូតូសណ្តោងរ៉ឺម៉កក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់ ហើយម្ចាស់រថយន្តបានព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់បាន។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមានប៉ះពាល់ទៅលើអ្នកដំណើរដទៃទៀតនោះទេ គឺគ្រាន់តែរងការខូចខាតរថយន្តនិងបាក់របាំងថ្មពុះចែកទ្រូងផ្លូវអស់មួយកង់ប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ក្រុង បានចុះមកស្ទូចយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ